ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការងារផ្នែកអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក លោក Daniel R. Russel បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា គឺមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀតតែប៉ុណ្ណោះ ពុំមានបំណងទិតៀន និងរិះគន់ដល់រដ្ឋាភិបាលកម្ពុជានោះឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា។
ក្រោយពីកិច្ចជំនួប រវាងទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ជាមួយនិងលោក Daniel R. Russel នាព្រឹកថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៦នេះនៅទីស្តីការក្រសួងការបរទេសលោក ជុំ សន្ទរី ថា លោក Daniel R. Russel ថ្លែងកោតសរសើរចំពោះចំហរបស់ប្រទេសកម្ពុជាទាក់ទងនិងបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសមុទ្រចិនខាងត្បូង ហើយជាមួយគ្នានោះ ឧបការីរូបនេះ ក៏បានរំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនឹងកាន់តែមានកាលានុវត្តនភាពបន្ថែមទៀត ជាពិសេសគឺផ្នែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរយោបលរវាង គ្នានិងគ្នាទាក់ទងនឹងបញ្ហាក្នុងតំបន់និងសកលលោកទាំងមូល។
លោក ជុំ សន្ទរី បានបន្តទៀតថា នៅក្នុងកិច្ចជំនួបរវាងភាគីទាំងពីរជាងមួយម៉ោងនោះ គឺបានពិភាក្សាគ្នាជាច្រើនទាក់ទងនិងការអភិវឌ្ឍន៍និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
តែយ៉ាងណាក្តីនៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរមិនបានពិភាក្សាអំពីលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិនោះឡើយ ហើយលោកDaniel R. Russelក៏មិនបានស្នើអ្វីដល់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនិងគណបក្សប្រឆាំងនេះដែរ។
ជាមួយគ្នានោះលោកជុំ សន្ទរី បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះ លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានមានប្រសាសន៍ប្រាប់លោក Daniel R. Russelថា បញ្ហានយោបាយនៅកម្ពុជានឹងកាន់តែប្រសើរនាពេលខាងមុខដ៏ខ្លីនេះ ក្រោយពីគណបក្សជាប់សំឡេងភាគច្រើននិងតិចពិភាក្សាគ្នាក្នុងរដ្ឋសភានោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះដែរ លោក Daniel R. Russel បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងលោក និងប្រមុខការទូតកម្ពុជារយៈពេលជាង មួយម៉ោងនោះគឺបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ហើយលោកថាលោកពិតជារីករាយ ដែលបានមកប្រទេសកម្ពុជាក្នុងគោលបំណង បង្កើនមិត្តភាពរវាងភាគីទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀតនោះ ៕