ខេត្តតាកែវ៖ កម្លាំងជំនាញនគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីអំពើលួចកាត់ខ្សែភ្លើងបង្គោលអង់តែន និងបទសមគំនិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១៨៖៣០នាទី នៅចំណុចបង្គោលអង់តែនលេខ TAK084 របស់ក្រុមហ៊ុនសេវាទូរស័ព្ទ Metfone ស្ថិតក្នុងភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ វន់ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងទីតាំងបង្គោលអង់តែន រួចយកឧបករណ៍កាត់ដែកធ្វើសកម្មភាពកាត់ខ្សែភ្លើងសំបកជ័រពណ៌ខ្មៅ ដែលមានសារធាតុស្ពាន់ខាងក្នុង ប្រវែងប្រមាណ១០ម៉ែត្រ យកទៅលាក់ទុក។
សកម្មភាពលួចនេះ បានបណ្ដាលឱ្យខ្សែភ្លើងផ្គត់ផ្គង់ទៅឧបករណ៍ផ្សាយសេវាទូរស័ព្ទត្រូវបានកាត់ផ្ដាច់ បង្កឱ្យប្រព័ន្ធសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅទីតាំងនោះរងការរំខានទាំងស្រុង។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានយកខ្សែភ្លើងទៅលាក់ទុកក្នុងគុម្ពព្រៃមួយកន្លែងក្បែរផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដើម្បីរង់ចាំឱកាសយកទៅលក់។
លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ០៣៖០០នាទីទាបភ្លឺ ជនសង្ស័យឈ្មោះ វន់ វុទ្ធី បានធ្វើដំណើរជាមួយបក្ខពួកឈ្មោះ ទុន វាសនា ភេទនប្រុស អាយុ៤៦ឆ្នាំ ដើម្បីទៅយកខ្សែភ្លើងដែលលាក់ទុក និងបម្រុងយកទៅលក់ ដើម្បីយកប្រាក់ប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន។
ពេលជិះម៉ូតូដឹកខ្សែភ្លើងតាមបណ្ដោយផ្លូវជាតិលេខ២ ឆ្លងកាត់ចំណុចភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដាក់គោលដៅត្រួតពិនិត្យ និងឆែកឆេរ រកឃើញវត្ថុតាងជាខ្សែភ្លើងដែលជាប់ពាក់ព័ន្ធនឹងបទ ល្មើស រួចឈានដល់ការឃាត់ខ្លួនតែម្ដង។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា នឹងបន្តពង្រឹងការស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសលួចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច