ព័ត៌មានទាន់ហេតុការណ៍៖

មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្ម២នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រី២នាក់ជាមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មប្រចាំឃុំតាលន់ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្អាងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើស្ពានព្រែកជន់ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប និងនៅត្រង់ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ។

អធិការនគរបាលស្រុកស្អាង លោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា មេក្លោងទាំង២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ អ៊ី សុភក្រ័ ហៅហ្សា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ជួប សុវណ្ណារ៉េត ហៅឌឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ច្រៀងភ្លេងការ ។ ជនល្មើសទាំង២នាក់នេះមានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន, កាំភ្លើងច្នៃ(កាំភ្លើងខ្យល់)០១ដើម និងម៉ូតូ០១គ្រឿងម៉ាកហុងដាMSX ពណ៌ក្រហមលាយខៀវ គ្មានស្លាកលេខ ។

លោក សេង សុជាតិ បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិសាស្ត្រឃុំតាលន់ មានជនល្មើសធ្វើសកម្មភាពលក់គ្រឿងញៀនដ៏សកម្មទាំងពេលយប់ និងពេលថ្ងៃ លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ចុះធ្វើការស្រាវជ្រាវ ។ គ្រាដែលសមត្ថកិច្ចចុះទៅដល់ក៏បានប្រទះឃើញជនល្មើសឈ្មោះ អ៊ី សុភក្រ័ ហៅហ្សា ជិះម៉ូតូម៉ាកហុងដាMSX បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីឃុំតាលន់ឆ្ពោះទៅឃុំខ្ពប ។

ដោយមានការសង្ស័យ សមត្ថកិច្ចបានបើកម៉ូតូដេញតាមរហូតដល់លើស្ពានព្រែកជន់ សុំធ្វើការត្រួតពិនិត្យលើជនល្មើសរកឃើញមានថ្នាំញៀនចំនួន០១កញ្ចប់ នៅក្នុងស្បោងដាក់ផ្លែទាប ទើបចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ។ បន្ទាប់ពីធ្វើការសាកសួរបឋមនៅទីនោះ សមត្ថកិច្ចបានឈានទៅបន្តចាប់ខ្លួនជនល្មើសឈ្មោះ ជួប សុវណ្ណារ៉េត ហៅឌឿន ដល់លំនៅដ្ឋាននៅឯឃុំតាលន់ ព្រមទាំងរឹបអូសវត្ថុតាងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ស្អាងជ័យ

 

ae-5 ae ae-1 ae-2 ae-3 ae-4


ចែករំលែក៖