ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការងារ ស្នើអ្នកប្រើប្រាស់បណ្តាញសង្គមឈប់យកបញ្ហាចាស់ៗ ពីពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត មកផ្សាយឡើងវិញ ដែលបង្កើតឱ្យមានការយល់ច្រឡំ

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់បញ្ឈប់ការយកព័ត៌មានបញ្ហាចាស់ៗ របស់ពលករខ្មែរធ្វើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត មកផ្សាយឡើងវិញ ដែលបង្កើតឱ្យមានការយល់ច្រឡំ។

ជាក់ស្ដែងលោកអ្នកនាំពាក្យរូបនេះ បានថ្លែងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦នេះថា៖ ថ្មីនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលជាអ្នកបង្កើតមាតិកាសង្គម បានយកវីដេអូបញ្ហារបស់ពលករខ្មែរ ដែលធ្លាប់ស្នើសុំជំនួយអន្តរាគមន៍ពីអាជ្ញាធរនៅប្រទេសអារ៉ាប៊ីសាអូឌីត។ វីដេអូនោះ បានបង្ហាញពីការស្នើសុំជំនួយអន្តរាគមន៍ជួយពួកគាត់ឱ្យត្រឡប់មកកម្ពុជាវិញ។

លោកអ្នកនាំពាក្យបន្តថា វីដេអូនេះ បានកើតឡើងកាលពីឆ្នាំមុន ហើយពួកគាត់ ត្រូវបានអាជ្ញាធរកម្ពុជា និង អារ៉ាប៊ីសាអូឌីត ជួយសម្របសម្រួលឲ្យមានសុវត្ថិភាព ហើយពួកគាត់បានត្រឡប់មកដល់កម្ពុជាភ្លាមៗ នោះផងដែរ។ ដូច្នេះ សូមអ្នកប្រើប្រាស់សង្គមទាំងអស់ មេត្តាលុបរាល់វីដេអូទាំងនេះចេញវិញ ដើម្បីចៀសវាងការយល់ច្រឡំពីសាធារណជន។

លោក ស៊ុន មេសា បានបញ្ជាក់ថា «ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ជាអាទិភាពរបស់បងប្អូនដែលធ្វើការងារនៅក្រៅប្រទេស ដោយរង់ចាំជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាឲ្យបានលឿនរហ័ស។ យើងមិនទុកឲ្យបងប្អូនយើងរងគ្រោះនៅក្រៅប្រទេសទេ គឺជួយសម្របសម្រួលទាំងយន្តការផ្លូវច្បាប់ជាតិ និង យន្តការអន្តរជាតិ»។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកព័ត៌មាន ត្រូវតែមានប្រភពច្បាស់លាស់ ដែលជាព័ត៌មានពិត ដោយចៀសវាងការចែកលែកព័ត៌មានក្លែងក្លាយ ឬ ព័ត៌មានចាស់ដែលកើតឡើងរាប់ឆ្នាំហើយ។ ការណ៍នេះ បង្កឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ៖តារា


ចែករំលែក៖