ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយជូនពលរដ្ឋក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជេីញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបប្រមាណ ១ ៣០០នាក់។

លោកអភិបាលខេត្តបានថ្លែងថា ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផល និងលទ្ធផលជោគជ័យប្រកបដោយមោទនភាពថ្មីមួយបន្ថែមទៀត ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីខេត្តបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកនេះ។

លោកបានបន្តថា វត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ពិតជាបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការគាំទ្រ និងលើកទឹកចិត្តដ៏មានតម្លៃបំផុត ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីសុរិយោដីគ្រប់លំដាប់ថ្នាក់ បុគ្គលិក យុវជនស្ម័គ្រចិត្ត និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងនាមជាមន្ត្រីបម្រើសេវាជូនប្រជាពលរដ្ឋ នាំឲ្យសម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្តក្នុងវិស័យដីធ្លីនេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមគ្គុទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើម និងឈ្លាសវៃ បន្តបេសកកម្មដ៏ ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ខេត្តស្វាយរៀងបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុងហើយ ដោយលោកចាត់ទុកថា នេះជាការបិទទំព័រមួយ ហើយខេត្តស្វាយរៀងកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនោះលោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅថ្ងៃនេះ សូមបងប្អូនងាកមកគិតគូរការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរួមរៀបចំទីក្រុងនិងទីប្រជុំជនឱ្យស្អាត មានសោភណភាព និងរក្សាបានឧត្តមប្រយោជន៍ជាតិ។

សូមជម្រាបជូនថា ខេត្តស្វាយរៀងគឺជាខេត្តទី៥ នៃប្រទេសកម្ពុជា ដែលបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាស្ថាពរ៕

ដោយ៖តារា


ចែករំលែក៖