ព័ត៌មានទាន់ហេតុការណ៍៖

ខឹងទារលុយថ្លៃឈ្នួលតូបប្រចាំឆ្នាំមិនបានគណៈកម្មការផ្សារផ្ដាច់ភ្លើងមិនឲ្យដំណើរការ

ចែករំលែក៖

ខេត្តរតនគីរី៖ អាជីវករលក់មាស៦ទូ កណ្ដាលផ្សារក្រុងបានលុងត្រូវបានលោក ជៀម សុផាត ប្រធានគណៈកម្មការផ្សារ បញ្ជាឲ្យបិទភ្លើងមិនឲ្យលក់បន្ទាប់ពីអាជីវករទាំងនោះតវ៉ាមិនបង់ប្រាក់ថ្លៃឈ្នួលតូបប្រចាំឆ្នាំដោយសំអាងថា សហគ្រាស ហេង ដារ៉ា របស់លោកឧកញ៉ា សា លាង តម្រូវឲ្យ ពួកគាត់បង់លុយលើសកិច្ចសន្យាសៀវភៅ បន្ទុកជិត១០ឆ្នាំមកហើយ ។

អាជីវករលក់មាសទាំង៦ទូបានលើក ឡើងថា ពួកគាត់ប្រកបរបរលក់មាសក្នុង ផ្សារក្រុងបានលុងអស់រយៈពេល១០ឆ្នាំ មកហើយការបង់ប្រាក់ឈ្នួលតូបគេតែងតែបង់៩០ដុល្លារជារៀងរាល់ឆ្នាំទើបតែឆ្នាំមុនពួកគាត់បានឃើញក្នុងកិច្ចសន្យាសៀវភៅបន្ទុកទើបពួកគាត់ដឹងថា គេទារលុយ លើសជាច្រើនឆ្នាំមកហើយ ពីព្រោះក្នុង សៀវភៅបន្ទុកគេបង់តាមទំហំតូបដែល តូបមានទំហំ២,៥ម៉ែត្រគុណនឹង២ម៉ែត្រ បង់ថ្លៃជួល៩០ដុល្លារក្នុង១ឆ្នាំ។ ចំណែក ពួកគាត់ដាក់ទូមាស១ប្រវែង១ម៉ែត្រក៏គេ តម្រូវឲ្យពួកគាត់បង់រហូតដល់៩០ដុល្លារ ដូចគេដែរ ។

ទាក់ទិននឹងករណីខាងលើនេះលោក ជៀម សុផាត ដែលលោកឧកញ៉ា សា លាង តែងតាំងឲ្យធ្វើជាប្រធានគណៈកម្មការផ្សារ នោះបានអះអាងថា លោកផ្ដាច់ភ្លើងនេះ ចំពោះអ្នកដែលមិនបានបំពេញកាតព្វកិច្ច តាមកិច្ចសន្យាចំនួន៦តូបដែលមាន៥ម្ចាស់ ចំកណ្ដាលផ្សារត្រង់ចំណុចរង្វង់មូល ពីព្រោះតូបទាំងនេះអ្នកខ្លះ២ឆ្នាំអ្នកខ្លះ៣ ឆ្នាំមកហើយដែលមិនបានបង់លុយតាមសៀវភៅបន្ទុកកិច្ចសន្យាដោយគិតចាប់ពីខែ១ដើមឆ្នាំ។ ការបិទភ្លើងនេះគោលបំណងចង់ឲ្យពួកគាត់ចូលខ្លួនមកបង់លុយ។

លោកបានបញ្ជាក់ថា ការបង់លុយ១ឆ្នាំ ៤០ដុល្លារនោះចំពោះតែតូបលក់បន្លែនៅ ក្រោមអគារថ្មី ចំណែកតូបនៅក្រោមអគារ ចាស់ត្រូវបង់៨៥ដុល្លារទាំងអស់ បើសិនជាក្រុមអាជីវករទាំងនោះនៅតែមិនបំពេញកាតព្វកិច្ចទៀតលោកនឹងដាក់ពាក្យបណ្ដឹង ចូលតុលាការហើយ ។

បន្ទាប់ពីមានការផ្ដាច់ភ្លើងក្រុមអាជីវករ ក៏បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីសាលាក្រុងបានលុងរហូតដល់ព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ គេពុំទាន់ដឹងមានដំណោះស្រាយយ៉ាងណានៅឡើយនោះ ទេដោយទូរស័ព្វចូលលោក ងិន ណែល អភិបាលក្រុងបានលុងពុំមានអ្នកទទួល ។

បើទោះជាយ៉ាងណាការផ្ដាច់ភ្លើងមិន ឲ្យលក់ដូរនេះត្រូវបានមជ្ឈដ្ឋានប្រជាពល រដ្ឋលើកឡើងថា នេះជាការរំលោភសិទ្ធិក្នុងការធ្វើអាជីវកម្មប្រចាំថ្ងៃរបស់អាជីវករ ព្រោះភ្លើងក្រុមអាជីវករបានបង់ប្រាក់គ្រប់គ្រាន់ជូនក្រុមហ៊ុនអគ្គិសនីរួចរាល់ជារៀងរាល់ខែ ។ រីឯការមិនបង់លុយឈ្នួលតូប ប្រចាំឆ្នាំគឺមិនពាក់ព័ន្ធនឹងអគ្គិសនីទេគួរតែម្ចាស់វិនិយោគដោះស្រាយគ្នាតាមច្បាប់៕ ហេង នរិន្ទ្រ

bondith_3-copy


ចែករំលែក៖