ខេត្តកណ្តាល៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាល នៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម ដែលធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។
ផ្សោតមួយក្បាលនេះ គឺជាសត្វផ្សោតតែមួយ ដែលធ្លាប់ត្រូវបានបងប្អូនប្រជានេសាទជួយសង្គ្រោះ និង ដោះលែងពីមងនេសាទកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។ ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារ ទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែត ស្លាប់នៅទីតាំងខាងលើ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូវក្តីសោកស្តាយជាពន់ពេកចំពោះការបាត់បង់ធនធាន ជលផលដ៏កម្រនេះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប្រកបរបរនេសាទ សូមបន្តចូលរួមថែរក្សា ការពារ និងត្រូវបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាឱ្យបាននូវការគង់វង្សនៃសត្វផ្សោតដែលនៅសេសសល់សម្រាប់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ជួបគ្រោះថ្នាក់ ឬសង្កេតឃើញមានសកម្មភាពនេសាទល្មើសច្បាប់ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច