ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន FIFA ចោទអ្នករិះគន់ថា កំពុងផ្សព្វផ្សាយការស្អប់ខ្ពើមសម្រាប់ព្រឹត្តិការណ៍ World Cup

ចែករំលែក៖

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានឆ្លើយតបទៅនឹងអ្នករិះគន់ការប្រកួត FIFA World Cup ដោយចោទថា ពួកគេកំពុងផ្សព្វផ្សាយការស្អប់ខ្ពើម និងជាព័ត៌មានមិនពិត ខណៈលោកការពារថា ការប្រកួតនេះគឺជាជោគជ័យមួយ ដែលបង្ហាញពីការរួបរួម សុវត្ថិភាព និងការរួមបញ្ចូលគ្នារបស់មនុស្សគ្រប់រូប។

នៅក្នុងលិខិតបើកចំហមួយ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Infantino បាននិយាយថា អ្នករិះគន់បានមើលរំលងភាពរីករាយ និងសាមគ្គីភាព ដែលអ្នកគាំទ្ររាប់លាននាក់ទូទាំងពិភពលោកបានទទួលពីការប្រកួត World Cup ដែលអេស្ប៉ាញបានឈ្នះ និងរៀបចំដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

“អ្នកត្រូវបានគ្របដណ្ដប់ដោយការស្អប់ខ្ពើម និងការរិះគន់ រហូតមិនបានមើលឃើញអ្វីៗល្អទាំងអស់នោះឡើយ។”

លោកបានបន្តថា៖ “ចំពោះអ្នកដែលអង្គុយនៅពីក្រោយប៊ិច ក្រដាស ឬអេក្រង់កុំព្យូទ័រ ដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម និងពាក្យចចាមអារ៉ាមមិនពិត ខ្ញុំចង់ប្រាប់ថា ខណៈអ្នកកំពុងអង្គុយរិះគន់ យើងនៅ FIFA កំពុងធ្វើការយ៉ាងលំបាក ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងពិភពលោក។ ព្រឹត្តិការណ៍នេះមិនមានអំពើហិង្សា មិនមានឧប្បត្តិហេតុ មានសុវត្ថិភាព ១០០% ហើយពោរពេញដោយសេចក្ដីរីករាយ និងសុភមង្គល។”

ក្នុងអំឡុងការប្រកួត World Cup សហព័ន្ធបាល់ទាត់ពិភពលោក FIFA ត្រូវបានរិះគន់លើបញ្ហាជាច្រើន រួមមាន៖

ការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់អ្នកគាំទ្រ និងមន្ត្រីពីប្រទេសមួយចំនួន។

ការព្រួយបារម្ភចំពោះក្រុមជម្រើសជាតិមកពីតំបន់ដែលកំពុងមានជម្លោះ។

ការសម្រេចរបស់ FIFA ក្នុងការលុបចោលការព្យួរប្រកួតស្វ័យប្រវត្តិ ១ ប្រកួតរបស់ខ្សែប្រយុទ្ធអាមេរិក Folarin Balogun បន្ទាប់ពីមានការអន្តរាគមន៍ពីប្រធានាធិបតី Donald Trump។

ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតដែលអាហ្សង់ទីនឈ្នះអេហ្ស៊ីប ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដែលត្រូវបានរិះគន់យ៉ាងខ្លាំង ជាពិសេសពីគ្រូបង្វឹកអេហ្ស៊ីប Hossam Hassan។

លោក Infantino បានឆ្លើយតបថា៖

“ការផ្ដល់កាតលឿង ឬកាតក្រហមខុសឆ្គង និងការសម្រេចមិនព្យួរកីឡាករក្នុងករណីខ្លះ គឺជារឿងដែលកើតមានជាប្រចាំ និងត្រូវបានទទួលយកនៅក្នុងលីគធំៗជាច្រើន។ វាគួរឱ្យចម្លែកណាស់ ដែលប្រទេសទាំងនោះជាអ្នករិះគន់ FIFA។”

បញ្ហាទិដ្ឋាការ

អាជ្ញាកណ្ដាលសញ្ជាតិសូម៉ាលី Omar Artan ត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក ទោះមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។

ចំណែកក្រុមជម្រើសជាតិអ៊ីរ៉ង់ និងមន្ត្រីរបស់ពួកគេ ក៏ប្រឈមនឹងការរឹតបន្តឹងការធ្វើដំណើរ ដោយសារជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ប៉ុន្តែលោក Infantino បានអះអាងថា៖

“អ៊ីរ៉ង់បានចូលសហរដ្ឋអាមេរិកដោយគ្មានបញ្ហា ឬជម្លោះឡើយ។ ក្រុមអ៊ីរ៉ង់ទទួលបានទិដ្ឋាការ ពីព្រោះបាល់ទាត់គឺនិយាយអំពីសន្តិភាព មិនមែននយោបាយទេ។ ប្រទេសដែលប្រឈមបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ ក៏ត្រូវបានផ្តល់ទិដ្ឋាការដែរ។”

អាចនឹងបង្កការរិះគន់បន្ថែមលិខិតរបស់លោក Infantino ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរិះគន់ និងការចំអកបន្ថែម ចំពោះលោក។

មនុស្សជាច្រើននៅតែចងចាំសុន្ទរកថារបស់លោក មុនព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ឆ្នាំ២០២២ ដែលលោកបាននិយាយថា៖

“ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាជនជាតិកាតា។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាជនជាតិអារ៉ាប់។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាជនជាតិអាហ្វ្រិក។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នា។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាជនពិការ។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាពលករចំណាកស្រុក៕

 


ចែករំលែក៖