ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែននឹងទៅកាន់សេតវិមាន ដើម្បីស្វែងរកការគាំទ្រពីលោក ត្រាំ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ដូណាល់ ត្រាំ សំដៅស្វែងរកការគាំទ្រពីលោកប្រធានាធិបតីអាមេរិកប្រឆាំងនឹងរុស្ស៉ី។

ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គីកើតមានឡើងចំពេលរុស្ស៉ី និងអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយដាក់គ្នាទៅវិញទៅមក ខណៈកិច្ចប្រឹងប្រែងការទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅតែបន្តជាប់គាំង។ ទំនាក់ទំនងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ បានស្គាល់ភាពរកាំរកូសនឹងគ្នាជាយូរមកហើយ តែប៉ុន្មានសប្ដាហ៍ថ្មីៗនេះលោក ត្រាំ ហាក់បន្ទន់ជំហរចំពោះលោក ហ្សេលេនស្គី។

មន្ត្រីសេតវិមានម្នាក់បានប្រាប់ AFP កាលពីថ្ងៃសុក្រសប្ដាហ៍មុនថាលោក ត្រាំ និងលោក ហ្សេលេនស្គីនឹងត្រូវជួបគ្នានៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះជាថ្ងៃតែមួយដែលសហរដ្ឋអាមេរិកគ្រោងគោរពវិញ្ញាណក្ខន្ធដល់សមាជិកព្រឹទ្ធសភា លោក Lindsey Graham ជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំម្នាក់ដែលបានទទួលមរណភាពក្នុងខែកក្កដានេះ នៅវ័យ៧១ឆ្នាំ។ «យើងកំពុងត្រៀមរៀបចំជំនួបជាមួយលោកប្រធានាធិបតីអាមេរិក និងក្រុមការងាររបស់លោក»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គីដោយបន្ថែមថា លោកសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រអ៊ុយក្រែន ហើយអ៊ុយក្រែនអាចបិទបញ្ចប់សង្រ្គាមដោយនឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយប្រកបដោយភាពថ្លៃថ្នូរ។

ចាប់តាំងពីត្រឡប់មកកាន់អំណាចកាលពីខែមករា ឆ្នាំ២០២៥មក លោក ត្រាំ បានបិទបញ្ចប់មួយផ្នែកធំការប្រគល់អាវុធដោយផ្ទាល់ទៅឱ្យទីក្រុងកៀវ ដោយជំនួសមកវិញនូវកម្មវិធី PURL ដែលអនុញ្ញាតឱ្យអឺរ៉ុបទិញអាវុធពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់បន្តឱ្យអ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែជាអ្នកគាំទ្រដែលអ៊ុយក្រែនមិនអាចខ្វះបាន ជាមួយការផ្ដល់ឱ្យទីក្រុងកៀវនូវព័ត៌មានស៊ើបការណ៍សម្ងាត់ និងការប្រើប្រាស់ផ្កាយរណប Starlink ដើម្បីឱ្យកងទ័ពរបស់ខ្លួននៅសមរភូមិមុខធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក៕


ចែករំលែក៖