ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលដំណើរទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា នៅប្រទេសវៀតណាម នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង

ចែករំលែក៖

វៀតណាម៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ និងមានមោទកភាពចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងការផ្លាស់ប្តូរមតិយោបល់របស់ សម្តេច ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ស្មោះត្រង់ និងស្ថាបនា ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។

លទ្ធផលទាំងនោះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង ស្របតាមស្មារតី «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង»។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែល លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីលៀងសាយភោជជូន សម្តេច និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាវៀតណាម។

ពិធីលៀងសាយភោជ បានប្រារព្ធធ្វើឡើងបន្ទាប់ពី សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ជិន ថាញ់មិន កាលពីព្រឹកមិញ និងបន្ទាប់ពីសម្តេចប្រធានរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និង លោក ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើគ្រប់វិស័យ ដោយយកប្រជាពលរដ្ឋជាស្នូល។

សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង រវាងប្រទេសទាំងពីរ នឹងបន្តលូតលាស់ រីកចម្រើនបន្ថែមទៀត។ ទោះបីជាមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងកម្រិតជាតិ និងអន្តរជាតិយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាព និងទំនាក់ទំនងរបស់យើងនៅតែមានភាពធន់ និងបន្តរីកចម្រើនឥតឈប់ឈរ។

លោក ជិន ថាញ់មិន បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី នៅក្នុងប្រទេសវៀតណាមនាពេលនេះ គឺជាសក្ខីភាពជាក់ស្តែងបង្ហាញពីចំណងមិត្តភាពល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ស្របតាមស្មារតីឯកភាពគ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសទាំងពីរ មិនត្រឹមតែជាមរតកពីដូនតានៃប្រទេសទាំងពីរ កាលពីសម័យមុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការពង្រឹង និងពង្រីកជាបន្តបន្ទាប់ទៀតរបស់អ្នកជំនាន់ក្រោយ។

លោកប្រធានរដ្ឋសភា បានលើកឡើងថា តាមរយៈលទ្ធផលទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានបង្កើតបាននូវយុទ្ធសាស្ត្រនយោបាយកាន់តែរឹងមាំ ជាមួយការជឿជាក់ និងស្មោះត្រង់បម្រើដល់ផលប្រយោជន៍ពលរដ្ឋប្រទេសទាំងពីរ៕

ដោយ៖តារា


ចែករំលែក៖