ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរ៉ែ និងថាមពល បន្តពន្យារពេលនៃការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល សូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា យោងតាមសេចក្តីជូនដំណឹងលេខ ១៨៤៤៩ រថ.បវប.សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្តីពីការផ្អាក ទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ និងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ៩៩៣/២៦ ក.អ.ក/សវក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីការពិនិត្យនិងកំណត់ចំណាត់ថ្នាក់សកម្មភាពអាជីវកម្មនិងវិនិយោគ ឡើងវិញ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ព្រមជាមួយនឹងយន្តការពិនិត្យឡើងវិញនូវ បែបបទ និងនីតិវិធីដើម្បីសម្រួលដល់បរិយាកាសធុរកិច្ចផងនោះ ក្រសួងរ៉ែនិងថាមពល សម្រេចពន្យារពេលនៃ ការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី ជាបណ្តោះអាសន្នបន្តទៀត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានសមស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល។

ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបជាព័ត៌មាន៕

ដោយ៖តារា


ចែករំលែក៖