ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សចំនួន៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលរថយន្តធុនធំបើកលឿនបុករះជាមួយម៉ូតូចំនួន៣គ្រឿងស្របទិសគ្នាពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះជាមួយម៉ូតូចំនួន៣គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងរងរបួសមនុស្ស៤នាក់ផ្សេងទៀត បានកើតឡើងកាលពីវេលាម៉ោង៦និង១៨នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខ១៣០ ស្ថិតនៅត្រង់ចំណុចភូមិរវាង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-6902 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនក្រោយពេលកើត ហេតុរួច) បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៣០ ពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុករះជាមួយម៉ូតូចំនួន៣គ្រឿងពេញ ទំហឹង។ ម៉ូតូទី១- ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Z-0762 អ្នកបើកបរឈ្មោះ យ៉ាវ បូ ភេទប្រុស អាយុ៤១ឆ្នាំ ឌុបប្រព្ធនឈ្មោះ សេម អូនតូច អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិរវាង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត។
ម៉ូតូទី២- ម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ស្ពឺ 1Y-8312 អ្នកបើកបរឈ្មោះ ម៉េង ស្រីតូច ភេទស្រី អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត និងម៉ូតូទី៣- ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1S-9681 អ្នកបើកបរឈ្មោះ ប៉ាវ សារុំ ភេទស្រី អាយុ៤៣ឆ្នាំ ឌុបឈ្មោះ អួច សារុំ ភេទស្រី៤២ឆ្នាំ អ្នកទាំងពីរនាក់រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីលិចទៅកើត ស្របទិសគ្នា បណ្ដាលឱ្យ ស្លាប់ស្ត្រីម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ឈ្មោះ (ប៉ាវ សារុំ) ចំពោះសពស្ត្រីរងគ្រោះខាងលើ នគរបាលបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រងរបួសធ្ងន់ធ្ងរចំនួន២នាក់ស្រី ឈ្មោះ(អួច សារុំ និងឈ្មោះសេម អូនតូច) ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ រងរបួសស្រាលចំនួន២នាក់ ក្នុងនោះមានស្រី១នាក់ ។ ដោយឡែករងការខូចរថយន្ត១គ្រឿងកំរិតស្រាល រងការខូចម៉ូតូចំនួន ៣គ្រឿងស្រាល។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថា ចំពោះវត្ថុតាងម៉ូតូចំនួន៣គ្រឿង និងរថយន្ត១គ្រឿងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងគ្រើល ដោះអាសន្នសិន រង់ចាំដោះស្រាយនៅពេលក្រោយ និងកសាងសំណុំរឿងចាត់ការបន្តបានផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច