សារព័ត៌មាន Reutersបានផ្សាយថា មន្ត្រីឥណ្ឌូណេស៊ីបានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្ស២៨នាក់ដែលក្នុងថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីនាវាចម្លងអ្នកដំណើរ១គ្រឿងបានជួបគ្រោះអគ្គិភ័យនៅក្បែរកោះ Madura នៃប្រទេសឥណ្ឌូណេស៉ី។
អាជ្ញាធរបានបញ្ជាក់ថា នាវាចម្លង KM Mutiara Sentosa ដែលផ្ទុកមនុស្សសរុប ២៧១នាក់បានធ្វើដំណើរពីទីក្រុង Surabaya ដែលជាទីក្រុងធំទីពីររបស់ឥណ្ឌូណេស៊ី ក្នុងខេត្ត East Java ឆ្ពោះទៅកាន់ទីក្រុង Makassar ក្នុងខេត្ត South Sulawesi មុនពេលវារងការឆាបឆេះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ កោះ Madura មានទីតាំងស្ថិតនៅក្បែរឆ្នេរភាគឦសាននៃកោះ Java។
លោក Arman Asmara Syarifuddin នាយកកិច្ចការដែនសមុទ្រនិងអាកាសចរណ៍នៃស្ថាប័នប៉ូលិសប្រចាំខេត្ត East Java បានប្រាប់ទីភ្នាក់ងារ Reuters ថា ក្នុងចំណោមមនុស្ស ២៧១នាក់នៅលើនាវានោះ គឺ២៨នាក់នៅបន្តបាត់ខ្លួន ៥នាក់បានស្លាប់ និង២៣៨នាក់ត្រូវបានជួយសង្គ្រោះ។
លោក Arman បាននិយាយថា ក្រុមជួយសង្គ្រោះកំពុងផ្តោតការស្វែងរករបស់ពួកគេលើតំបន់ដែលលាតសន្ធឹងចម្ងាយ១០ម៉ាយល៍ (១៦គីឡូម៉ែត្រ) ទៅទិសខាងកើត និង ១០ម៉ាយល៍ ទៅទិសខាងលិចនៃទីតាំងកើតហេតុ ខណៈប្រតិបត្តិការស្វែងរកនឹងមានរយៈពេល៧ថ្ងៃ ប៉ុន្តែអាចបន្តបាន១៤ថ្ងៃថែមទៀត។ បើតាមរូបលោក មូលហេតុដែលបង្កឱ្យមានឧប្បត្តិហេតុនេះ នៅតែមិនទាន់ដឹងច្បាស់នៅឡើយ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះសរុបប្រមាណ ១៧០០០កោះ ពឹងផ្អែកយ៉ាងខ្លាំងលើនាវាចម្លងឬស្រឡាងជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ដោយការធ្វើដំណើរតាមផ្លូវសមុទ្រមានតម្លៃសមរម្យ និងងាយស្រួលរកជាងការធ្វើដំណើរតាមផ្លូវអាកាស។ ទោះជាយ៉ាងណាក៏ដោយ ស្តង់ដារសុវត្ថិភាព ពេលខ្លះមិនត្រូវបានអនុវត្តតឹងរ៉ឹងត្រឹមត្រូវ ហើយគ្រោះថ្នាក់កើតមានឡើងជាញឹកញាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច