ភ្នំពេញ៖ រោងចក្រនៅកម្ពុជា គិតត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ បានកើនឡើងចំនួន ៨៤៥រោងចក្រ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលបង្ហាញពីបរិយាកាសវិនិយោគដ៏រឹងមាំ និងភាពទាក់ទាញរបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះថា៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ចំនួនរោងចក្របានកើនឡើងពី ៤៦ ៦៤៩ រោងចក្រ ដល់ ៤៧ ៤៩៤ រោងចក្រ ដែលជាកំណើនគួរឱ្យកត់សម្គាល់ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរូបនេះ បានបន្តថា កំណើននេះភាគច្រើនកើតមាននៅក្នុងវិស័យឧស្សាហកម្ម ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលចំនួនរោងចក្របានកើនឡើងពី ២ ៧២៥ រោងចក្រ ដល់ ២ ៨៩០ រោងចក្រ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា ព្រមទាំងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ ទោះបីសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។
លោក ស៊ុន មេសា បានបន្តថា កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ដោយសារទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា។
បន្ថែមពីនេះ លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែលបានបង្កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ គឺជាភស្តុតាងបង្ហាញថា កម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែងរកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងលេខ ១២៩៧ ដើម្បីទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យ សុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ ជាជាងការចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចបង្កការខាតបង់ពេលវេលា និងថវិកា៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច