ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញា យ៉ែម ស្រីពេជ្រប្រាប់រឿងឈុតចូលក្តារមឈូសដ៏ព្រឺក្បាលក្នុងរឿង”កំណត់ហេតុនាងនាថ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីទើបនឹងល្បីឈ្មោះកញ្ញា យ៉ែម ស្រីពេជ្រ ត្រូវបានគេ ទម្លាយថានាងបានជួបនឹងហេតុការណ៍ ចម្លែកជាច្រើនគ្រាដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិម្មិតគឺរឿង”កំណត់ហេតុនាងនាថ”។ តារាស្រីរូបនេះរៀបរាប់ថានាង បានជួបហេតុការណ៍ដ៏គួរឲ្យព្រឺក្បាលស្ទើរលស់ព្រលឹងជាច្រើនគ្រាដែលបានសម្តែងខ្សែភាពយន្តនេះ។

ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិម្មិតរឿង “កំណត់ហេតុនាងនាថ” នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបន្ទាប់ពីទស្សនិកជនជាច្រើនទន្ទឹងរង់ចាំអស់ជាយូ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះជាច្រើនរូបត្រូវបានគេប្រាប់ឲ្យដឹងថាបានជួបហេតុការណ៍ចម្លែកៗជាច្រើនដែលតាមអបីជំនឿគឺមានខ្មោចព្រាយបិសាច និងអ្នកថែរក្សាម្ចាស់ទឹកដីជាអ្នកបង្កើតឲ្យមានគ្រាដែលពួកគេទៅថតខ្សែភាពយន្តខាងលើនៅក្នុងតំបន់ស័ក្កិសិទ្ធិនាភូមិមួយនៃតំបន់រមណីយដ្ឋានទឹក វិលក្នុងទឹកដីខេត្តកំពត។ ក្នុងនោះតារា សម្តែងយ៉ែម ស្រីពេជ្រ ដែលសម្តែងជា តួអង្គនាងកែវបានលើកឡើងអំពីឈុតឆាកដែលធ្វើឲ្យនាងស្ទើរតែលស់ព្រលឹងម្តងៗព្រោះតែមានឈុតឆាកមួយចំនួនតម្រូវឲ្យនាងសម្តែងទាំងកណ្តាលអធ្រាត្រជាមួយនឹងការលូនវារចូលក្តារមឈូស។

តារាស្រីរូបនេះនិយាយថា អ្នកមិនចេះខ្លាចខ្មោចក៏ត្រូវតែខ្លាចដែរព្រោះតែទីតាំងដែលថតនោះគឺពិតជាមិននឹកស្មានដល់។ នាងបន្តថាមិនឲ្យព្រឺក្បាលនិងភ័យខ្លាចយ៉ាងម៉េចបើមឈូសមួយដាក់នៅក្រោមដើមឈើដ៏ធំ ជាទីស្ងាត់ និងជាទីដែលប្រជាជនក្នុងតំបន់រមណីយដ្ឋានទឹកវិលជឿជាក់ថាមានអ្នកថែរក្សានិងជាទីទំនឿស័ក្កិសិទ្ធិសម្រាប់ប្រជាជនក្នុងតំបន់។ តារាស្រីវ័យ ២០ឆ្នាំរូបនេះបន្តថា វាជាខ្សែភាពយន្ត លើកដំបូងដែលនាងចូលរួមសម្តែង ហើយក៏ជាខ្សែភាពយន្តដែលពោរពេញដោយភាពភ័យខ្លាចក្នុងអារម្មណ៍នាងជានិច្ចហើយពេលខ្លះមានការភ័យខ្លាចរហូតដល់យំក៏មាន។

នាងបញ្ជាក់ថាក្នុងខ្សែភាពយន្តនេះនាងត្រូវលូនចូលក្តារមឈូសរបស់នាងនាថជា មួយតួប្រុសម្នាក់ដែលសម្តែង ដោយលោក ចាន់ណា រ៉ូណាន ដើម្បីដកថ្មកែវចេញពី នាងនាថនិងដើម្បីជួយសង្គ្រោះតួអង្គម្នាក់ឲ្យរស់ឡើងវិញ។ នាងថាឈុតនេះគឺនាងត្រូវដេកក្នុងក្តារមឈូសជាមួយនឹងតួខ្មោចនាងនាថ ហើយអ្វីដែលនាងខ្លាចគឺបរិយាកាសនៅជុំវិញទីតាំងថតគឺពិតជាគួរឲ្យ ខ្លាច។ នាងបន្តថា មុនពេលថតឈុតនេះគឺឆ្កែអ្នកភូមិបានលូមិនឈប់ចាប់តាំងពី ក្បាលព្រលប់រហូតទល់ភ្លឺរហូតតារាសម្តែងខ្លះមិនបានដេកពួនព្រោះតែអារម្មណ៍ភ័យខ្លាចហើយនៅពេលដែលថតក្នុងមឈូសនោះនាងហាក់មានអ្វីមកសង្កត់មួយសន្ទុះធំដែលធ្វើឲ្យនាងក្រោកមិនកើត។

ក្រៅពីហេតុការណ៍នេះនៅមានហេតុការណ៍ជាច្រើនទៀតដែលនាងនិងក្រុមការងារផលិតខ្សែភាពយន្តខាងលើបានជួប ដូចជាការថតរូបជាប់ស្រមោលអ្វីម្យ៉ាងដែលអ្នកភូមិនៅទីនោះលើកឡើងថា ជាអ្នកថែ រក្សាតំបន់នោះបានបង្ហាញខ្លួនឬក៏ព្រលឹងនាងនាថបានបង្ហាញខ្លួនជាដើម។ នាងថាក្រោយពីជួបហេតុការណ៍ទាំងនេះនាងចេញទៅណាមកណាពេលយប់ក៏ត្រូវមានគ្នា ដែរគឺជាមួយម្តាយដែលសូម្បីតែការចូល បន្ទប់ទឹក។

តារាស្រីរូបនេះលើកឡើងដែរថា បន្ទាប់ពីមានអារម្មណ៍មិនស្រឡះក្នុងចិត្តនាងក៏ ឲ្យម្តាយនាងស្រោចទឹកឲ្យ និងសែនព្រេននំចំណីជូនដល់អ្នកថែរក្សាម្ចាស់ទឹកម្ចាស់ដីដើម្បីឲ្យការសម្តែងរបស់នាងនិងសិល្បករផ្សេងទៀតទទួលបានជោគជ័យ។

បើទោះបីជាជួបឧបសគ្គដោយភាពភ័យខ្លាចមែនប៉ុន្តែតារាស្រីរូបនេះបានចាត់ទុកថាគឺជាការផ្តល់ឱកាសរបស់ផលិតករ សម្រាប់នាងប្រឡូកក្នុងអាជីពសម្តែងជាលើកដំបូង ហើយនាងពិតជាពេញចិត្តនឹងការសម្តែងតួអង្គខាងលើ។ អ្វីដែលនាង កាន់តែសប្បាយចិត្តទៀតនោះគឺក្រោយ ពេលដែលខ្សែភាពយន្តនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីផលិតករបញ្ចេញឈុតឆាកខ្លីៗ(Trailer)កាល ពីកន្លងទៅ ហើយនាងរំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្ស និកជន។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំ ដំបូងរបស់ផលិតកម្មឥន្ទ្រានិម្មិតរឿង “កំណត់ហេតុនាងនាថ”បានចាប់ផ្តើមផលិតចាប់តាំងពីអំឡុងខែកុម្ភៈឆ្នាំ២០១៦មក ម្លេ៉ះ។ ខ្សែភាពយន្តបែកកំប្លែង កម្សត់ និងភ័យរន្ធត់នេះមានការចូលរួមពីសំណាក់តារាសម្តែងក្មេងចាស់ប្រុសស្រីល្បីឈ្មោះជាច្រើនរូប ដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្តជាច្រើនទាំងភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកានេះតទៅ៕ វឌ្ឍនា

unnamed-1 unnamed unnamed-2


ចែករំលែក៖