ខេត្តកណ្ដាល ៖ រថយន្តមួយគ្រឿងផ្ទុកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅលើដងផ្លូវត្រូវបានព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាលបញ្ជាឲ្យនគរ បាលក្រុងតាខ្មៅឃាត់ដើម្បីត្រួតពិនិត្យ និង ផាកពិន័យទៅតាមផ្លូវច្បាប់ ស្រាប់តែធ្លាយរឿងទំនិញនៅក្នុងរថយន្តខាងលើដែលនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវបង់ពន្ធតិច តួចប៉ុណ្ណោះ ។
ចំណាត់ការរបស់ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្តាលនេះបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈរថយន្តដឹកសំពីងសំពោងល្មើស ច្បាប់ចរាចរណ៍ និងបើកបរធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីខេត្តតាកែវកាត់ក្រុងតាខ្មៅចូលមករាជធានីភ្នំពេញ ។
ក្រោយនគរបាលឃាត់ដើម្បីត្រួតពិនិត្យ ទើបដឹងថាទំនិញនៅក្នុងរថយន្តទាំងអស់បាននាំចូលពីប្រទេសវៀតណាមតាមមាត់ច្រកព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ ហើយមានម្ចាស់ឈ្មោះ លី និងមានបង់ពន្ធ តិចតួចប៉ុណ្ណោះ ។
បន្ទាប់ពីដឹងថា ទំនិញនៅក្នុងរថយន្ត ខាងលើភាគច្រើនលើសលប់ជាទំនិញនាំចូលអត់បង់ពន្ធលោក លឹម សុគន្ថា ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចប្រគល់រថយន្តដឹកទំនិញខាងលើនេះទៅឲ្យសាខាគយខេត្តកណ្ដាល យកទៅត្រួតពិនិត្យបង់ពន្ធនិងពិន័យតាមច្បាប់ ។
តាមសមត្ថកិច្ចដែលចូលរួមត្រួតពិនិត្យទំនិញនៅក្នុងរថយន្តខាងលើបានអះអាងថា ទំនិញភាគច្រើនជាទំនិញគ្រឿងប្រើ ប្រាស់ធ្វើពីជ័រ និងបន្លែមើមខ្ទឹមបារាំងតែ មានបង់ពន្ធតិចតួចបំផុតដោយទំនិញមួយរថយន្តធំនេះគឺបង់ពន្ធតែខ្ទឹមបារាំងបន្តិច និងគ្រឿងជ័របង់ពន្ធតែអំបោសបន្តិចមានទឹកប្រាក់ប្រមាណ៥០០ដុល្លារប៉ុណ្ណោះ ខណៈទំនិញមួយរថយន្តនេះត្រូវជាប់ពន្ធ រាប់ពាន់ដុល្លារនោះ ។
ដូចគ្នានេះដែរកាលពីព្រឹកថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៦ រថយន្តដឹកទំនិញនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិនមួយគ្រឿង ទៀតក៏ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ត្រួតពិនិត្យដូចគ្នាក្រោយពីរថយន្តខាងលើដឹកសំពីងសំពោងហើយបើកឆ្លងស្ពាន តាខ្មៅតាមផ្លូវបញ្ច្រាសទំនងបើកគេច ទីស្នាក់ការសាខាគយខេត្តកណ្ដាលដែលមានទីតាំងនៅជាប់ពីខាងក្រោយសាលាខេត្តកណ្ដាលនៅតាមផ្លូវក្នុងទិសដៅចេញពីក្រុងតាខ្មៅ តែគេនៅមិនទាន់ដឹងថារថ យន្តខាងលើនេះមន្ត្រីនគរបាលអនុវត្តត្រឹមល្មើសច្បាប់ចរាចរណ៍ឬក៏រើត្រួតពិនិត្យ ទំនិញ ឬយ៉ាងណានោះទេ ៕ ហេង សូរិយា