ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស សមាជិកគណៈអចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកស្អាង លោក លោកស្រី យុវជននិងជាសមាជិកជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការសកម្មភាព និងទិសដៅដែលត្រូវសម្រេចឆ្ពោះទៅកាន់ការបោះឆ្នោត និងភារកិច្ចដែលត្រូវអនុវត្តទាំងអស់ មានក្នុងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ដែលមានដំណាក់កាលទី១ ដល់ដំណាក់កាលទី៤ ដោយមានការត្រៀម យុទ្ធនាការ យុទ្ធនាការការបោះឆ្នោត និងក្រោយការបោះឆ្នោត។

រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ដែលការបោះឆ្នោតនេះមានសារៈសំខាន់សម្រាប់តុល្យភាព អំណាចក្នុងក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ និងក្នុងព្រឹទ្ធសភា ដោយសារក្រុមប្រឹក្សាឃុំសង្កាត់ គឺជាអង្គបោះឆ្នោតស្នូល សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ និងសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ថ្លែងក្នុងអង្គពិធី លោកប្រធានបានផ្តល់អនុសាសន៍ សំខាន់ៗដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យបន្តរួមគ្នាប្រយុទ្ធប្រឆាំងការបំពានអធិបតេយ្យជាតិ និងខិតខំកសាងសមាជិកបក្សទាំងគុណភាព និងបរិមាណ ដើម្បីសម្រេចគោលដៅ “សមាជិកគណបក្សមួយរូប គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក”។ លោកបានណែនាំឲ្យបន្តស្តាប់ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយសង្កត់ធ្ងន់ថា មន្ត្រីគណបក្សគឺជាអ្នកបម្រើស្មោះត្រង់របស់ប្រជាជន។ បន្ថែមពីនេះ លោកបានជំរុញឲ្យរៀបចំផែនការការងារច្បាស់លាស់ តាមដានវាយតម្លៃជាប្រចាំ ព្រមទាំងពង្រឹងការងារឃោសនាផ្សព្វផ្សាយសមិទ្ធផល និងបង្កើនសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបព័ត៌មានពិត និងមិនពិត។ លោកបានសង្កត់ធ្ងន់លើការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ស្របតាមទិសស្លោក “សាមគ្គីរស់ បែកបាក់ស្លាប់” និងបន្តបំពេញតួនាទីប្រកបដោយភាពស្មោះត្រង់ ទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។

សមិទ្ធផលនៃការងារគឺជាភស្តុតាងដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋាននៃការទទួលបានសន្លឹកឆ្នោត ដើម្បីគណបក្សអាចបន្តដឹកនាំប្រទេសបាន។ ដូច្នេះ ឯកឧត្តមបានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ សូមបន្តរួបរួមសាមគ្គីគ្នា ប្រែក្លាយផែនការទៅជាលទ្ធផល និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២៧ និងបោះឆ្នោតសកលឆ្នាំ២០២៨។ គោលដៅចុងក្រោយគឺដើម្បីបន្តបេសកកម្មថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន៕

ប្រភព ៖ (CPP)


ចែករំលែក៖