សារព័ត៌មាន Reuters បានផ្សាយថា ខេត្ត British Columbia បានប្រកាសភាពអាសន្ន កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាជនខ្ទង់ម៉ឺននាក់ នៅខេត្តភាគខាងលិចប្រទេសកាណាដាមួយនេះ ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនដើម្បីចេញពីភ្លើងឆេះព្រៃ ដែលរីករាលដាលយ៉ាងលឿន ហើយបានកើនទំហំជិតទ្វេដង ក្នុងរយៈពេលត្រឹមតែមួយយប់។
ភ្លើងឆេះព្រៃ Bald Range កំពុងឆាបឆេះយ៉ាងខ្លាំង និងបានរីករាលដាលយ៉ាងឆាប់រហ័ស ដល់ផ្ទៃដីប្រមាណ ៩៥០០ហិកតា ដែលបណ្ដាលឱ្យមានការចេញបញ្ជាជម្លៀសមនុស្ស នៅ Summerland, Peachland និងស្រុកផ្សេងទៀត នៅខាងលិចបឹង Okanagan ក្នុងតំបន់ភាគខាងត្បូងនៃខេត្ត។ តំបន់នេះជាកន្លែងផលិតស្រាច្រើនជាងគេប្រចាំខេត្ត British Columbia ហើយជាតំបន់ផលិតស្រាធំជាងគេទីពីរ របស់ប្រទេសកាណាដាទាំងមូល។ Summerland មានប្រជាជនសរុបប្រមាណ ១២០០០ នាក់ យោងតាមជំរឿនឆ្នាំ២០២១ ហើយ Peachland មានប្រជាជនប្រមាណ៦៥០០នាក់។
ការប្រកាសភាពអាសន្ន ផ្ដល់ឱ្យរដ្ឋាភិបាលខេត្ត British Columbia នូវសិទ្ធិអំណាចពិសេសភ្លាមៗ រួមមានការរឹតបន្តឹងការធ្វើដំណើរ និងការការពារការរផ្គត់ផ្គង់ ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសហេតុ ព្រមទាំងមធ្យោបាយជាក់លាក់ដទៃទៀត សម្រាប់សម្របសម្រួលដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃ Bald Range បានបង្កឱ្យមានការជម្លៀសដ៏ធំបំផុតនៅរដូវក្ដៅនេះ ដោយមនុស្សសរុបជាង ២០ ០០០នាក់នៅទូទាំង British Columbia ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
ខេត្តជាច្រើនរបស់ប្រទេសកាណាដា រួមមាន Ontario និង Quebec បានជួបប្រទះភ្លើងឆេះព្រៃ ក្នុងឆ្នាំ២០២៦នេះ ខណៈអាកាសធាតុក្ដៅស្ងួត បានបង្កឱ្យមានភ្លើងឆេះព្រៃនៅតាមតំបន់ព្រៃក្រាស់ៗ។ ក្រុមពន្លត់អគ្គិភ័យ មកពីប្រទេសដូចជា ម៉ិកស៊ិក អូស្ត្រាលី បារាំង និងនូវែលសេឡង់ បាននាំគ្នាមកជួយគ្រប់គ្រងនិងពន្លត់ភ្លើងឆេះព្រៃទាំងនេះ។ នៅខេត្ត British Columbia ដែលលក្ខខណ្ឌអាកាសធាតុក្ដៅហើយស្ងួត បានបង្កើនហានិភ័យនៃការរីករាលដាលភ្លើងឆេះព្រៃកាន់តែច្រើន ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណ ១៥០០នាក់ កំពុងប្រយុទ្ធតទល់នឹងភ្លើងឆេះព្រៃសរុបជាង ១០០ កន្លែង។ ភ្លើងឆេះព្រៃ បានឆាបឆេះផ្ទៃដីសរុបទាំងប្រហែល ៤លានហិកតា នៅប្រទេសកាណាដា ក្នុងឆ្នាំនេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច