ខេត្តតាកែវ៖ ជនសង្ស័យដែលចាក់សម្លាប់ប្រពន្ធនៅខេត្តតាកែវ ហើយរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាពរួច ត្រូវសមត្ថកិច្ចស្រុកពារាំង ខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបាន ហើយ ក្រោយរត់គេចខ្លួនបានមួយថ្ងៃ។ បុរសជាប្ដីប្រាប់សមត្ថកិច្ចថា ដោយ សារខឹងប្រពន្ធមិនដាំបាយឲ្យស៊ីទើបសម្លាប់។
បុរសជនសង្ស័យដែលជាប្ដីមានឈ្មោះ ជុំ ផូ អាយុ 48 ឆ្នាំ ចំណែកស្ត្រីរងគ្រោះដែលជាប្រពន្ធមានឈ្មោះនិល ចាន់សុភា អាយុ៥០ឆ្នាំ អ្នកទាំងពីរមានទីលំនៅក្នុងភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ និង ៤០នាទីព្រឹក ថ្ងៃទី៧ សីហា នៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានកើតមានករណីហិង្សាក្នុងគ្រួសារមួយ ដោយបុរសជាប្ដីឈ្មោះ ជុំ ផូ បានចាក់ប្រពន្ធឈ្មោះ និល ចាន់សុភា ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត រួចបុរសជាប្ដីបានរត់គេចខ្លួនបាត់ ដោយគេមិនបានដឹងថា ករណីអំពើហិង្សានេះ កើតឡើងដោយសារមូលហេតុអ្វីនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខេត្តតាកែវ បានចុះដល់កន្លែងកើតហេតុ កសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាប្ដីភ្លាមៗ និងបានផ្ដល់ព័ត៌មានពីអត្តសញ្ញាណជនសង្ស័យ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីជួយតាមចាប់ខ្លួនជនសង្ស័យផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុ រហូតមកដល់ថ្ងៃទី៨ សីហា ជនសង្ស័យត្រូវបានគេប្រទះឃើញ កំពុងសម្ងំលាក់ខ្លួន នៅក្នុងភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង ទើបកម្លាំងនគរបាលស្រុកពារាំង ចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា មូលហេតុដែលគេចាក់សម្លាប់ប្រពន្ធ មិនមែនដោយសាររឿងប្រចណ្ឌ័ ឬគំនុំអ្វីទេ ប៉ុន្តែគឺដោយសារខឹងប្រពន្ធមិនដាំបាយឲ្យហូប។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច