ខេត្តកណ្ដាល៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាលនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករនាំងបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្ដាម) បណ្តាលឱ្យធ្លាក់ពីលើស្ពាកាលពីម្សិលមិញស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LM-4994 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកចំណុចកើតហេតុបានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានទាំងកម្រោល បណ្តាលឱ្យអ្នកបើកបរប្លោងធ្លាក់ពីលើស្ពានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យទីតាំងកើតហេតុ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច