ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន បានឆ្លើយតបទៅនឹងការទំនាក់ទំនងរបស់លោក ត្រាំ

ចែករំលែក៖

អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា មួយថ្ងៃបន្ទាប់ពីបានបញ្ជាឱ្យសហរដ្ឋអាមេរិកកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយតបទៅនឹងការទំនាក់ទំនងពីរូបលោក។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់បានសាកសួរថាតើហេតុអ្វីលោក គីម មិនបានឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងរបស់លោកដើម្បីរៀបចំកិច្ចប្រជុំមួយសាជាថ្មី? ឆ្លើយតបទៅនឹងសំណួរនេះ លោក ត្រាំ បាននិយាយថា «ពិតណាស់ លោក គីមបានឆ្លើយតប»។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ចំណែកខាងក្រុមមន្ត្រីសេតវិមាន និងបេសកជនរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេនៅពេលត្រូវបានសាកសួរអំពីការលើកឡើងរបស់លោក ត្រាំ។

លោក ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយរូបលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ និងទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន៕


ចែករំលែក៖