ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងអេតចាយទំហំជាង១ពាន់ម៉ែត្រការ៉េ នៅស្រុកលើកដែក ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តកណ្តាល៖ ឃ្លាំងអេតចាយមួយកន្លែង មានទំហំប្រមាណ១៥ម៉ែត្រ គុណ៧០ម៉ែត្រ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យសម្ភារៈអេតចាយជាច្រើនប្រភេទនៅក្នុងឃ្លាំងរងការខូចខាត ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ ឬរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង២០នាទីព្រឹក នៅចំណុចឃ្លាំងអេតចាយមួយកន្លែង ស្ថិតក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ ហឿង សែន ភេទស្រី អាយុ៥១ឆ្នាំ។

តាមសមត្ថកិច្ច ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះ សាងសង់ពីដែក និងស័ង្កសី មានទំហំប្រវែង១៥ម៉ែត្រ និងទទឹង៧០ម៉ែត្រ។ សម្ភារៈដែលរងការខូចខាតរួមមាន ជ័រដបទឹកសុទ្ធ កម្ទេចក្រណាត់រោងចក្រ សំបកកង់រថយន្ត គ្រឿងរថយន្ត និងម៉ូតូចាស់ៗ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ក្រោយទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ប្រជាការពារ កម្លាំងរាជអាវុធហត្ថស្រុកលើកដែក និងកម្លាំងនគរបាលស្រុកកោះធំ បានចុះអន្តរាគមន៍បាញ់ពន្លត់ ដើម្បីទប់ស្កាត់ការរាលដាលទៅតំបន់ជុំវិញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះ២គ្រឿងជារបស់អធិការដ្ឋាននគរបាលស្រុកលើកដែក និង១គ្រឿងជារបស់អធិការដ្ឋាននគរបាលស្រុកកោះធំ ព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត។

អគ្គិភ័យត្រូវបានគ្រប់គ្រង និងរលត់ជាស្ថាពរនៅវេលាម៉ោង១១ និង៤០នាទីព្រឹក ហើយមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ ជំហានដំបូង សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃអគ្គិភ័យបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ចំពោះទំហំការខូចខាតជាក់លាក់ មិនទាន់មានការបញ្ជាក់នៅឡើយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖