ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យនៅថ្ងៃទី១៩ខែសីហានេះបានឲ្យដឹងថា ក្រោមដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានឃាត់ ខ្លួនបុរសម្នាក់ដែលលួចម៉ូតូសណ្ដោងរ៉ឺម៉ក។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០ និង ៣០នាទី នៅចំណុចផ្លូវបេតុងខាងជើងភូមិស្ដុកស្លាក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចម៉ូតូសណ្ដោងរម៉កមួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរម៉ក ដែលជនរងគ្រោះបានទុកចោលនៅលើផ្លូវបេតុងស្ថិតនៅភូមិឃុំខាងលើ ។
ជនរងគ្រោះ វៀច រីម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោយកើតហេតុបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំតូច។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង៣០នាទី កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សុផល ភ័ស ភេទប្រុស អាយុ២៨ឆ្នាំ រស់ នៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ យកមកសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ក ដែលជនរងគ្រោះបាននៅទុកលើផ្លូវបេតុងខាងជើងភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ពិតប្រាកដមែន ។
ដកហូតវត្ថុតាងម៉ូតូសណ្ដោងរម៉ក០១គ្រឿង ។
ករណីនេះជំនាញកំពុងសាកសួរនិងកសាងសុំណំរឿងនិងចាត់ការតាមនីតិវិធីបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច