ប្រធានាធិបតីអ៊ីរ៉ង់ជឿជាក់ថា ឥឡូវនេះជាពេលវេលាត្រឹមត្រូវដើម្បីបញ្ចប់សង្គ្រាមជិត6ខែជាមួយសហរដ្ឋអាមេរិក ខណៈដែលទីក្រុងតេអេរ៉ង់វាយតម្លៃថាខ្លួនស្ថិតក្នុងស្ថានភាពអំណោយផលជាងទីក្រុងវ៉ាស៊ីនតោន។
យោងតាម AFP ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយវេជ្ជបណ្ឌិតនៅថ្ងៃទី 21 ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានថ្លែងថា អ៊ីរ៉ង់គួរតែស្វែងរកការបញ្ចប់ជម្លោះ ខណៈពេលដែលខ្លួនស្ថិតក្នុង «ជំហររឹងមាំ និងរក្សាសេចក្តីថ្លៃថ្នូររបស់ខ្លួន»។
នៅក្នុងព្រឹត្តិការណ៍មួយទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ថាទីក្រុងតេហេរ៉ង់មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយ នោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានអ្វីដែលកំពុងកើតឡើងក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ ក៏បានអះអាងដែរពីការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។ «យើងបានគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងមូលដែលមានជាប់ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ហើយនេះមានន័យថាយើងកំពុងគ្រប់គ្រងរួមទាំងតំបន់ដីគោកស្ថិតនៅក្បែរច្រកសមុទ្រនេះ។ បើតាមគំនិតរបស់ខ្ញុំ ពួកគេ (អ៉ីរ៉ង់) គួរតែចុះកិច្ចព្រមព្រៀងមួយ ប៉ុន្តែពួកគេមិនទាន់ ត្រៀមខ្លួនរួចរាល់ទេដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយ»។
សហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះបានប្រកាសពីការធ្វើយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មានប្រឆាំងនឹងអ៉ីរ៉ង់ ជាមួយការព្រមានពីផលវិបាកចំពោះ ប្រទេសណាដែលជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ អ៉ីរ៉ង់វិញបានព្រមានថានឹងប្រើជម្រើសយោធាដើម្បីសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច