ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ឃាត់ខ្លួនបញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ពាក់ព័ន្ធនឹងករណីលួចផ្លែស្វាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីនគរបាលស្រុកលើកដែក បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣០នាទី មានករណីលួចផ្លែស្វាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីចំការស្វាយជនរងគ្រោះ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រភពបានឱ្យដឹងថា ម្ចាស់ចំការស្វាយឈ្មោះ ប៉ិច ស៊ីថា ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
រីឯជនសង្ស័យឈ្មោះ រស់ ដារ៉ា ហៅ (អាក្រមួន) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ត្រូវឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។
វត្ថុតាងចាប់យកមាន៖
-ផ្លែស្វាយ ៣០គីឡូក្រាម
-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
-កង់ ០១គ្រឿង (មធ្យោបាយជនសង្ស័យ)
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច