ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ឈ្មោះ ថូ សំណាង ឈ្មោះ ណុប រដ្ឋា និងឈ្មោះ យស់ រ៉ាណេ ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ តំណាងអយ្យការសម្រេចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរលើ៖

១- ឈ្មោះ ថូ សំណាង ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ មាត្រា ៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

២- ឈ្មោះ ណុប រដ្ឋា ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ មាត្រា ៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

៣- ឈ្មោះ យស់ រ៉ាណេ ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនមន្ត្រីក្រសួងការបរទេសម្នាក់ និងបក្ខពួកទៅសួរចម្លើយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ មន្ត្រីក្រសួងការបរទេសដែល ACU នាំខ្លួនឈ្មោះ ថូ សំណាង ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកព័ត៌មាននៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។ លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ជាង ៦,០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤,០០០សន្លឹក ACU កំពុងតាមរក ដែលគាត់បានប្រាប់ថាបានកម្ទេចចោល។

ប្រធាន ACU បានបញ្ជាក់ថា៖ «យើងរកឃើញសន្លឹកទិដ្ឋាការដែលគាត់បានបញ្ចេញដោយខុសច្បាប់ ត្រូវបានជនបរទេស Online Scams យកទៅប្រើប្រាស់»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ថូ សំណាង ពីអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោក ថូ សំណាង ជាទីប្រឹក្សា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើអគ្គនាយក៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖