ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន គ្រោងចេញទៅ«ទស្សនកិច្ចផ្លូវការ»នៅប្រទេសរុស្ស៊ីឆាប់ៗនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងគ្រោងចេញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ តាមសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ នេះបើយោងតាមប្រសាសន៍ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ថ្លែងក្រោយ សម្តេច ហ៊ុន សែន ជួបជាមួយ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ២៤ សីហានេះ។

ក្នុងជំនួបនោះ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី បានប្រាប់សម្តេច ហ៊ុន សែន ថា បច្ចុប្បន្នប្រជាជនរុស្ស៊ី រួមទាំងថ្នាក់ដឹកនាំរុស្ស៊ីផង កំពុងតែរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ីជាថ្មី។

លោក ជា ធីរិទ្ធ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក Andrey RUDENKO វិញថា នៅពេលនេះសម្តេចកំពុងតែពិនិត្យមើលកាលបរិច្ឆេទ ដើម្បីកំណត់រៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗខាងមុខនេះតាមតែអាចធ្វើទៅបាន។

បន្ថែមពីនេះ កម្ពុជារបស់ក៏ត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលគ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា៕

ដោយ៖តារា


ចែករំលែក៖