ភ្នំពេញ៖ បុរសអ្នកបើកបររថយន្តកុងតឺន័រម្នាក់មានជំងឺបេះដូងប្រចាំកាយ ហើយត្រូវបានប្រពន្ធខលរក ២ថ្ងៃ ប៉ុន្តែខលមិនចូលទាល់តែសោះ ដោយមានការងឿងឆ្ងល់ និងព្រួយបារម្ភពីប្ដីខ្លាំងពេក ស្ត្រីជាប្រពន្ធក៏បានជិះម៉ូតូកង់បីទៅរកមើលដល់កន្លែងប្ដីធ្វើការ ក៏ស្រាប់តែប្រទះឃើញប្ដីស្លាប់នៅក្នុងកាប៊ីនរថយន្តកុងតឺន័រ ១គ្រឿង ហើមស្អុយបាត់ទៅហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០១:៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខផែស្ងួត «AI CONTAINER CENTER» ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសខាងលើឈ្មោះ ខាត់ ឃីម អាយុប្រមាណ ៤០ឆ្នាំ មុខរបរបើកបររថយន្តកុងតឺន័រនៅផែស្ងួតលី ធាម មានប្រពន្ធជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គាត់បានស្លាប់នៅក្នុងកាប៊ីនរថយន្ត ១គ្រឿង ម៉ាក នីស្សាន់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-2857។
ស្ត្រីជាប្រពន្ធបាននិយាយថា កាលពីព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហា ប្ដីនាងបានប្រាប់នាងថា គាត់បើករថយន្តទៅដឹកទូកុងតឺន័រនៅរាជធានីភ្នំពេញ យកទៅដាក់នៅផែស្ងួត «AI CONTAINER CENTER»។ លុះដល់វេលាម៉ោង ១០យប់ថ្ងៃដដែល នាងបានទូរសព្ទរកប្ដីម្ដងទៀត តែចូលហើយប្ដីអត់លើកទូរសព្ទសោះ។ រហូតដល់ថ្ងៃអាទិត្យ ថ្ងៃទី២៣ ខែសីហា នាងនិងក្រុមគ្រួសារបានព្យាយាមទូរសព្ទរកប្ដីបន្តទៀត តែទូរសព្ទលែងចូលតែម្ដង ពេលនោះនាងមានការព្រួយបារម្ភពីសុវត្ថិភាពប្ដីខ្លាំងណាស់ ព្រោះប្ដីនាងមានជំងឺបេះដូងផង។
នាងប្រពន្ធរូបនោះបានបន្តទៀតថា រហូតដល់ថ្ងៃចន្ទ ថ្ងៃទី២៤ ខែសីហា នាងនិងបងប្អូនបានសម្រេចចិត្តជិះម៉ូតូកង់បីទៅតាមរកប្ដីនៅផែស្ងួត «AI CONTAINER CENTER» ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះពេលទៅដល់ បានឃើញរថយន្តកុងតឺន័រ ១គ្រឿងខាងលើ ចតនៅតាមផ្លូវជាតិលេខ៣ មុខផែស្ងួតនោះ ដោយទ្វាររថយន្តអត់ជាប់គន្លឹះក្នុងទេ ក៏នាំគ្នាអើតមើល ស្រាប់តែឃើញប្ដីស្លាប់ហើមស្អុយក្នុងកាប៊ីនរថយន្តនោះបាត់ទៅហើយ។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានប្រទះឃើញរថយន្តកុងតឺន័រ ១គ្រឿងនោះ ចតចោលនៅកន្លែងកើតហេតុតាំងពីវេលាល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាមកម្ល៉េះ ប៉ុន្តែពួកគាត់ពុំបានចាប់អារម្មណ៍ថាមានមនុស្សស្លាប់នៅក្នុងនោះឡើយ។ រហូតដល់ថ្ងៃទី២៤ ខែសីហា ទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រពន្ធនិងក្រុមគ្រួសារបុរសនោះប្រទះឃើញប្ដីរបស់ខ្លួនស្លាប់នៅក្នុងរថយន្តខាងលើ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌកំបូល និងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើកោសល្យវិច័យ ប៉ុន្តែពុំទាន់ដឹងថា បុរសនោះស្លាប់ដោយសារអ្វីនៅឡើយទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច