ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ប្រភពបានឱ្យដឹងថា នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងសណ្ឋាគារ ឈុនអុី កម្ពស់ ២២ជាន់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ជាលទ្ធផល រកឃើញជនបរទេសចំនួន ៣៥នាក់ (ស្រី ០៤នាក់) ក្នុងនោះរួមមាន៖
១- ជនជាតិឥណ្ឌា ចំនួន ០១នាក់ (ប្រុស)
២- ជនជាតិប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី)
៣- ជនជាតិចិនតៃវ៉ាន់ ចំនួន ០១នាក់ (ប្រុស)
៤- ជនជាតិចិន ចំនួន ៣១នាក់ (ស្រី ០២នាក់)
-វត្ថុតាងត្រូវបានដកហូតរួមមាន៖
* កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១៣គ្រឿង
* កុំព្យូទ័រលើតុ All in one ចំនួន ២៨គ្រឿង
* ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ៤០គ្រឿង
* ទូរសព្ទពាក់ព័ន្ធ Scams ចំនួន ៥៥គ្រឿង
* លិខិតឆ្លងដែន ចំនួន ១០ក្បាល
ជនបរទេសទាំងនោះ ត្រូវបានសង្ស័យថាមានការពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច