សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការប្តូរឈ្មោះបឹង Lake Ontario ទៅជា «Lake America» ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា កំពុងបន្តឡើងកម្តៅ។
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងពិចារណាលើការប្តូរឈ្មោះបឹង Lake Ontario ទៅជា Lake America ពីព្រោះយើងរំពឹងថានឹងលែងធ្វើអាជីវកម្មច្រើនជាមួយរដ្ឋ Ontario ទៀតហើយ»។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc បានលើកឡើងថារដ្ឋាភិបាលកាណាដានឹងមិនឆ្លើយតបចំពោះការបង្ហោះប្រចាំថ្ងៃលើបណ្តាញសង្គមរបស់រដ្ឋបាលអាមេរិកនោះឡើយ។
បឹង Lake Ontario គឺជាបឹងព្រំដែនធម្មជាតិដ៏ធំរវាងកាណាដា និងរដ្ឋញូវយ៉ក ខណៈការគំរាមប្តូរឈ្មោះនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ធ្លាប់បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «Gulf of America» កាលពីឆ្នាំមុន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច