ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិនូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១. កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ៖ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃបានឡើយ។
ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម និងចំណុចទី១នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានឡើយ។
រាជរដ្ឋាភិបាលកម្ពុជាក៏សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ ដំណើរទស្សនកិច្ចខាងលើនេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន ដើម្បីបន្ធូបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
ទី២. សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលលេចចេញរូបរាងជាបន្តបន្ទាប់ឥតឈប់ឈរ៖ កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តពីរខ្សែទៀត ប្រវែងសរុបជិត ១០០គ.ម ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ កំណាត់ផ្លូវទាំងនេះមានតួនាទីជាខ្សែតភ្ជាប់យុទ្ធសាស្ត្ររវាងខេត្តក្រចេះជាមួយបណ្តាខេត្តប៉ែកឦសាននិងភាគខាងកើត ក៏ដូចជាការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ និងតំបន់ផលិតកម្មកសិកម្មសំខាន់ៗជាច្រើន។
កំណាត់ផ្លូវថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន បង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានប្រកាសឱ្យដឹងដែរថា រាជរដ្ឋាភិបាលគ្រោងសាងសង់កំពង់ផែពហុបំណងមួយនៅក្នុងខេត្តក្រចេះដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលតាមដងទន្លេមេគង្គឆ្ពោះទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដោយឆ្លងកាត់ព្រែកជីកហ្វូណនតេជោ និងបន្តសិក្សាបើកច្រកព្រំដែនបន្ថែមជាមួយឡាវនិងវៀតណាម។
សមិទ្ធផលទាំងនេះកើតឡើងក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាផ្លែផ្កានៃសុខសន្តិភាព និងការបន្តអភិវឌ្ឍន៍នៅលើគ្រឹះដ៏រឹងមាំដែលកសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ សម្តេចធិបតី ចាត់ទុកផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្មជាអាទិភាពចម្បង និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ គឺក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាល បានខិតខំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ប្រព័ន្ធគមនាគមន៍ទាំងនេះ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនដែលជាមូលដ្ឋានសម្រាប់ការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន។
សូមបញ្ជាក់ជូនថា រយៈពេល៣ឆ្នាំដំបូងក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មានសមិទ្ធផលធំៗជាច្រើនត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ឬបើកការដ្ឋានសាងសង់ ដែលមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល អាកាសយានដ្ឋានអន្តរជាតិលំដាប់ស្តង់ដាខ្ពស់ មជ្ឈមណ្ឌលភស្តុភារកម្មចម្រុះ កំពង់ផែសមុទ្រទឹកជ្រៅ ព្រែកជីក បណ្តាញដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតំបន់អភិវឌ្ឍពិសេសជាច្រើនផ្សេងទៀត រួមទាំងសមិទ្ធផលរាប់មិនអស់នៅថ្នាក់មូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច