ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកផ្អាកលក់កាំភ្លើង២៦.០០០ដើមឲ្យហ្វីលីពីន

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានប្រកាសផ្អាកគម្រោងលក់កាំភ្លើង២៦ពាន់ដើមឲ្យប៉ូលិសជាតិហ្វុីលីពីនក្រោយពេលសមាជិកព្រឹទ្ធសភា Ben Cardin ប្រឆាំងទៅនឹងហេតុ ការណ៍ខាងលើ។

សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី៣១ ខែតុលា បានដកស្រង់សម្តីជំនួយការរបស់លោក Cardin បញ្ជាក់ថា សមាជិកគណ បក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភាបានជំទាស់ទៅនឹងការលក់អាវុធទៅឲ្យហ្វុីលីពីន ក្នុងពេលដែលប្រទេសនេះកំពុងតែបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ។

លោក Cardin បញ្ជាក់ថា នឹងប្រឆាំងទៅនឹងកិច្ចព្រមព្រៀងលក់អាវុធខាងលើមុនពេលក្រសួងការបរទេសផ្តល់របាយការណ៍ឲ្យសភា ។ មន្ត្រីការបរទេសអាមេរិកមិនបានវិភាគអ្វីជុំវិញហេតុការណ៍ខាងលើ។

ទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេរិកដែលជាសម្ពន្ធមិត្តជិតស្និទ្ធនឹងគ្នារយៈ៧០ឆ្នាំកន្លងមកបានរង្គោះរង្គើក្រោយពេលដែលប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេ ថ្កោលទោសទៅលើទីក្រុងវ៉ាស៊ីនតោនដែលថ្កោលទោសលោកទៅនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន។

កន្លងមកលោកឌុយទែរតេ ធ្លាប់បាន ជេរប្រធានាធិបតីអូបាម៉ា ហើយលើកឡើងថាអាមេរិកបដិសេធលក់អាវុធឲ្យហ្វុីលីពីន។ ប៉ុន្តែលោកបានប្រកាសថា លោកមិនយកចិត្តទុកដាក់លើបញ្ហាទាំងនោះឡើយបើអាមេរិកមិនលក់ឲ្យចិន និងរុស្ស៊ីបានត្រៀមលក្ខណៈលក់ឲ្យគ្រប់ពេល។

ហ្វុីលីពីននិងអាមេរិកកំពុងប្រឈមនឹងការបែកបាក់កាន់តែខ្លាំងឡើងក្រោយពេលប្រធានាធិបតីហ្វីលីពីនបានជេរប្រមាថមេដឹកនាំអាមេរិកនិង បានប្រកាសបណ្តេញទាហានអាមេរិកចេញពីទឹកដីហ្វុីលីពីនទៀតផង។

សកម្មភាពរបស់ហ្វុីលីពីនបានធ្វើឲ្យដំណើរឆ្ពោះទៅកាន់អាស៊ីប៉ាស៊ីហ្វិកនិងឡោមព័ទ្ធចិនរបស់អាមេរិកប្រឈមនឹងបញ្ហាជាច្រើន ក្រោយពេលហ្វុីលីពីនមិនអនុញ្ញាតឲ្យទាហានអាមេរិកឈរជើងនៅទីនោះ។

ជំហរផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ជំហរមិនជជែកពីរឿងជម្លោះដែនទឹកជាមួយចិនធ្វើឲ្យចិនពេញចិត្តលោកឌុយទែរតេ ជាខ្លាំង។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលកន្លងមកប្រធានាធិបតីស៊ី ជីនពីង បានចេញមុខទទួលលោកឌុយ ទែរតេ យ៉ាងឱឡារិក។ លោកស៊ី ជីនពីង បានលើកឡើងវិញនូវសារសំខាន់នៃការពិភាក្សាទ្វេភាគីលើជម្លោះដែនទឹកនៅសមុទ្រ ចិន។

ប្រធានាធីបតីអាគីណូ អាណត្តិមុនបានប្តឹងចិនរឿងជម្លោះដែនទឹករហូតតុលាការក្រុងឡាអេសម្រេចក្តីឲ្យហ្វុីលីពីនឈ្នះចិន។ តែប្រធានាធិបតីថ្មីឌុយទែតេមិនអើពើរឿងនេះទេ ។

លោកសុខចិត្តយកចិត្តយកថ្លើមចិនជាជាងអាមេរិកនិងប្រទេសលោកខាងលិច ព្រោះខុសពីប្រទេសលោកខាងលិចចិនមិនបានរិះគន់យុទ្ធនាការកម្ចាត់ឧក្រិដ្ឋជនគ្រឿងញៀននៅហ្វុីលីពីនទេ។

លោកស៊ី ជីនពីង បានប្រកាសជួយសង់ហេដ្ឋារចនាសម្ព័ន្ធឲ្យហ្វីលីពីន ។ លោកឌុយទែរតេវិញក៏បានជំរុញឲ្យអ្នកវិនិយោគចិននិងជនជាតិចិនចូលមករកស៊ីឬធ្វើទេសចរណ៍នៅហ្វុីលីពីនដែរ៕ ម៉ែវ សាធី

130919_ben_cardin_ap_605 as


ចែករំលែក៖