ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររួមគ្នាបង្កើនការចែករំលែកព័ត៌មាន ដើម្បីទប់ស្កាត់កម្ចីខុសច្បាប់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីប្រយុទ្ធប្រឆាំងកម្ចីខុសច្បាប់ ការកែលម្អយន្តការឆ្លើយតប និងការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងប្រកបដោយទំនុកចិត្តដល់អ្នកប្រើប្រាស់ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋទូរទៅដែលងាយរងគ្រោះ ។

ការប្ដេជ្ញាបែបនេះ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាងធនាគារជាតិ និងអង្គការសហប្រជាជាតិ ស្ដីពីកិច្ចពិគ្រោះយោបល់ពហុភាគីកម្រិតខ្ពស់ លើកទី៤ ជាមួយភាគីពាក់ព័ន្ធ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែសីហា ២០២៦។

កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៤ បានពិនិត្យឡើងវិញ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសកម្មភាព អាទិភាពចំនួន ២២ ដែលបានព្រមព្រៀងនៅក្នុងកិច្ចពិគ្រោះយោបល់លើកដំបូង កាលពីខែកក្កដា ឆ្នាំ២០២៤។

តំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធបានពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា កំណត់នូវបញ្ហាប្រឈមដែលនៅសេសសល់ និងបានពិភាក្សាអំពីវិធានការនានាដើម្បីពន្លឿនការអនុវត្ត។

ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានពង្រឹងតាមរយៈការចូលរួមពីអ្នកវាយតម្លៃឯករាជ្យ។

ម្យ៉ាងវិញទៀត សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំក្របខ័ណ្ឌមូលនិធិរួមសម្រាប់វិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ការប្រឹក្សាបំណុល និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹង។

បន្ថែមលើនេះ ក្របខ័ណ្ឌនៃការផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់មន្ត្រីពាក់ព័ន្ធនឹងផ្នែកឥណទាន គោលការណ៍ណែនាំស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈសម្រាប់មន្ត្រីពាក់ព័ន្ធនឹងផ្នែកឥណទាន និងនិយមន័យនៃប្រតិបត្តិការឥណទាន ត្រូវបានដាក់ចេញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត។

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវបានបង្កើត និងមុខងារនានា កំពុងដាក់ឱ្យធ្វើប្រតិបត្តិការ ដើម្បីបង្កើនយន្តការគាំទ្រ និងការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ។

កិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានពង្រឹង ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការបស់អតិថិជនឱ្យកាន់តែប្រសើរ។

លើសពីនេះ យុទ្ធនាការអប់រំចំណេះដឹង ផ្នែកហិរញ្ញវត្ថុទូទាំងប្រទេសបាន និងកំពុងពង្រីកដើម្បីលើកកម្ពស់ការយល់ដឹង ការសម្រេចចិត្តដោយមានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងឥរិយាបថប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវក្នុងចំណោមសាធារណជន។

ភាគីពាក់ព័ន្ធកំពុងធ្វើការរួមគ្នាលើយន្តការចែករំលែកទិន្នន័យ ជាមួយនឹងវឌ្ឍនភាពកាន់តែប្រសើរឡើង ដោយបច្ចុប្បន្ននេះ យុទ្ធសាស្ត្រទិន្នន័យ និងច្រកទ្វារទិន្នន័យជាក់លាក់មួយកំពុងត្រូវបានរៀបចំអភិវឌ្ឍ សម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

កម្មវិធីធានារ៉ាប់រងកសិកម្មត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីជួយកសិករគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុ និងផលិតកម្ម៕

ដោយ៖តារា


ចែករំលែក៖