ភ្នំពេញ៖ នៅក្នុងសន្ទរកថាដ៏វែងនិងលម្អិតមួយ ក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ និងស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ UN មានពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ បានផ្លាស់ទីលំនៅដោយសារការឈ្លានពានពីថៃ ហើយក្នុងនោះមានជាង ២ម៉ឺននាក់ នៅតែបន្តជាប់គាំងក្នុងតំបន់ភៀសខ្លួនបណ្តោះអាសន្ន។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋភៀសសឹក ស្របតាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំមុន។ យើងក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ និងស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងមិនស្របតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ»។
ប្រមុខការទូតកម្ពុជារូបនេះ បានបន្តថា «សកម្មភាពទាំងនេះមានហានិភ័យធ្វើឱ្យស្ថានការណ៍នៅលើទីតាំងកាន់តែស្មុគស្មាញ និងធ្វើឱ្យដំណើរការសន្តិវិធីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាខូចខាត។ ក្នុងន័យនេះ កម្ពុជាបន្តអំពាវនាវឱ្យមានការអនុវត្តពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ដោយសុចរិតភាព និងទាំងស្រុង នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។
សូមជម្រាបថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrews បានលើកឡើងថា ជនភៀសសឹកកម្ពុជា ពិតជាត្រូវការនិងសមទទួលនូវការត្រលប់ទៅផ្ទះរបស់គេវិញ បើយោងតាមច្បាប់អន្តរជាតិ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច