ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្ដប្រតិបត្តិការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយគ្មានការលើកលែង និងមិនបង្អង់ដៃនោះឡើយ។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំពេញអង្គ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយន្ដការពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបាននូវលទ្ធផលយ៉ាងធំធេងជាបន្ដបន្ទាប់។
បើទោះបីលទ្ធផលបានល្អនាពេលកន្លងមកយ៉ាងណាក្ដី សម្ដេចធិបតី នៅតែបន្ដដាក់បទបញ្ជាជាថ្មីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបបណ្ដាញឆបោកដែលនៅសេសសល់ ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច