ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ បានអនុញ្ញាត្ដិឱ្យអាជីវករដែលរងផលប៉ះពាល់គ្រោះអគ្គីភ័យនៅផ្សារនាគមាស ចូលទៅលក់ ទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនោះ គឺមានការខូចខាតអស់ចំនួន២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតមនុស្សនោះទេ។

លោកស្រីបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរ ខណ្ឌទួលគោកបានចុះផ្សព្វផ្សាយអំពីដំណោះស្រាយ ក្នុងការរៀបចំជូនបងប្អូនអាជីវករដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរធ្វើការសំអាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក នៅកន្លែងដើមវិញ ដោយមិនមានការបង្ខិតបង្ខំ ឱ្យបងប្អូនអាជីវករទៅលក់ដូរ នៅកន្លែងផ្សេងនោះឡើយ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ពិតជាសប្បាយរីករាយ និងបានសំដែងនូវអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ បានបញ្ជាក់ក្រោយប្រតិបត្តិការសង្រ្គោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា គ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ញើសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមានទុក្ខលំបាក របស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគរោគរបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បត្តិ និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ។ អ្នកនៅក្រៅស្រុកទេតែធ្វើឯងដូចដឹងច្បាស់ណាស់អញ្ចឹង ចឹងកុំចូលចិត្តបំពុលបរិយាកាសពេក ៕

ដោយ៖សំរិត


ចែករំលែក៖