ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្សជាង៣០នាក់ ខណៈដែលក្រុមឧក្រិដ្ឋជនបានបំបែកជាក្រុមតូចៗ

ចែករំលែក៖

ខេត្តកោះកុង៖ តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៤នាក់ ក្នុងនោះរួមមាន៖ ជនជាតិចិន ៣៣នាក់ (ស្ត្រីជនជាតិចិន ០៣នាក់) និងស្ត្រីជនជាតិខ្មែរ ០១នាក់។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារប្រព្រឹត្តបទល្មើសជាច្រើនរួមមាន៖

* ទូរស័ព្ទដៃចំនួន ៧៤៦គ្រឿង

* កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៣៣គ្រឿង

* កុំព្យូទ័រលើតុ/All-in-One ចំនួន ៣៤គ្រឿង

* CPU ចំនួន ០២គ្រឿង

* អេក្រង់ (Monitor) ចំនួន ០២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។

ដោយឡែក នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចនាំចូលសម្ភារគេចពន្ធមួយកន្លែង ស្ថិតនៅផ្ទះលេខ ១២៨G១០ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់។ ប្រតិបត្តិការនេះ អាជ្ញាធរដកហូតបានវត្ថុតាងសង្ស័យរួមមាន៖ ទូរស័ព្ទដៃប្រមាណ ៣,០០០គ្រឿង (ច្រកក្នុងកេះចំនួន ៤២កេះ), កុំព្យូទ័រ All-in-One ចំនួន ២១១គ្រឿង, កុំព្យូទ័រយួរដៃ ១៦គ្រឿង, CPU ១៦គ្រឿង និងម៉ូនីទ័រ ០៩គ្រឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

ទាំងនេះបានស្តែងឱ្យឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តទៅជាតូចៗ និងរាយប៉ាយតាមទីតាំងផ្សេងៗគ្នា ដូចជាតាមផ្ទះល្វែង បន្ទប់ជួល ឬហាងទំនិញជាដើម ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបង្កើនកិច្ចសហការ និងការរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ចេញពីកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ លេខាធិការដ្ឋាន គ.ប.ឆ.ប. អំពាវនាវជាថ្មីឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងការផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស។ សូមបញ្ជាក់ជាថ្មីថា ក្រោយការបោសសម្អាតរយៈពេលជាង ១ឆ្នាំ ក្នុងក្របខណ្ឌយុទ្ធនាការជាតិ សកម្មភាពឆបោកដែលបន្តកើតមាន កំពុងផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដោយធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត និងហាងកាហ្វេជាដើម។

យោងតាមប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ថ្លែងក្នុងជំនួបជាមួយតំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅក្រសួងការបរទេស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បច្ចុប្បន្ននេះនៅកម្ពុជាគ្មានទៀតទេ ទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ ឬហៅថាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះទីតាំងធំៗចំនួន ៨៦កន្លែង ដែលត្រូវបានរកឃើញដោយសមត្ថកិច្ចកម្ពុជានាពេលកន្លងមក ត្រូវបានបង្ក្រាប គ្រប់គ្រង និងចាត់វិធានការដើម្បីឈានទៅរឹបអូសជាសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន។ រីឯមេខ្លោង គូកន និងអ្នកជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវចាត់វិធានការដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

សមត្ថកិច្ចកម្ពុជាបាន និងកំពុងបន្តស្រាវជ្រាវ សើបអង្កេត និងរកឃើញសកម្មភាពឆបោកអនឡាញមួយចំនួនទៀត ដែលលេខាធិការដ្ឋាន គ.ប.ឆ.ប. នឹងផ្តល់ព័ត៌មានជូនក្រោយទទួលបានរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចក្នុងពេលខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយម៉ឺងម៉ាត់បំផុត ជូនដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាអតិបរមា ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលវិវត្តរូបរាងជាទម្រង់ផ្សេងៗ និងបង្កភាពស្មុគស្មាញ។

ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របពេលដែលក្រុមជនល្មើសបានផ្លាស់ប្តូរយុទ្ធសាស្ត្រពីប្រតិបត្តិការទ្រង់ទ្រាយធំ មកជាការលួចលាក់ធ្វើសកម្មភាពតាមទីតាំងតូចៗ រាយប៉ាយ ដូចជាតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះល្វែង និងហាងកាហ្វេ រាជរដ្ឋាភិបាលបាន និងកំពុង៖

បង្កើនការចាត់វិធានការផ្លូវច្បាប់ និងប្រតិបត្តិការស្រាវជ្រាវជាប្រចាំ ដើម្បីបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកអនឡាញឱ្យដល់ឫសគល់ ដោយមិនលើកលែង និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ។

ជម្រុញការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈ ដើម្បីអប់រំអំពីទម្រង់ល្បិចកលថ្មីៗ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

បើកទូលាយកិច្ចសហការ និងការផ្តល់ព័ត៌មាន ដោយបន្តអំពាវនាវ និងស្វាគមន៍រាល់ការរាយការណ៍ ឬការចែករំលែកព័ត៌មានអំពីទីតាំងសង្ស័យពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពីភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ និងចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សូមរំលឹកជូនផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានប្រាប់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា កម្ពុជាបន្តបើកចំហសម្រាប់គ្រប់កិច្ចសហការទាំងអស់ជាមួយបណ្តាប្រទេស អង្គការដៃគូ និងភាគីពាក់ព័ន្ធ សម្រាប់រួមចំណែកក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នាឱកាសនោះដែរក៏បានស្នើទៅកាន់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ ឱ្យសហការជាមួយលេខាធិការដ្ឋាន គ.ប.ឆ.ប. និងក្រសួង-ស្ថាប័នសមត្ថកិច្ចដើម្បីផ្តល់ព័ត៌មានស្តីពីទីតាំងសង្ស័យមានករណីលបលួចធ្វើសកម្មភាពឆបោកអនឡាញ ដើម្បីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអន្តរាគមន៍ឆាប់រហ័ស។

ការណ៍នេះនឹងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឆ្លើយតបបានទាន់ពេលវេលា បង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ ព្រមទាំងបង្ហាញពីភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឱ្យកម្ពុជាក្លាយជាជម្រក ឬជារងគ្រោះនៃក្រុមឧក្រិដ្ឋជនឆ្លងដែនឡើយ៕


ចែករំលែក៖