ខេត្តមណ្ឌលគិរី ៖ស្ថានភាពធាតុអាកាសខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតាមបណ្តាមូលដ្ឋានមួយចំនួន ក្នុងស្រុកកែវសីមា ព្រមទាំងមានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ។
យោងតាមរបាយការណ៍បឋមពីលោក សាន គីមអ៊ាប អភិបាលស្រុកកែវសីមា បានឱ្យដឹងថា គិតត្រឹមម៉ោង ៨:០០ នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបាននិងកំពុងជន់លិចផ្នែកមួយចំនួនក្នុង ឃុំចំនួន ៤ នៃស្រុកកែវសីមា រួមមាន ឃុំស្រែខ្ទុម ឃុំស្រែឈូក ឃុំមេម៉ង់ និងឃុំចុងផ្លាស់។ឃុំមេម៉ង់ និងឃុំចុងផ្លាស់ នៅវេលាម៉ោងប្រមាណ ៥:៣០ នាទីព្រឹក ទឹកជំនន់បានជន់លិចចូលផ្ទះប្រជាពលរដ្ឋប្រមាណ ១០ គ្រួសារ នៅចំណុចស្ពានតេ ស្ថិតក្នុងភូមិទួល ឃុំមេម៉ង់។
ជាមួយគ្នានេះ ទឹកជន់លិចផ្លូវធ្វើដំណើរពីភូមិពូហូង ទៅ កាន់ផ្សារមេម៉ង់និងផ្លូវទៅកាន់អូរម្លូព្រៃមាសព្រមទាំង លិចផ្លូវឆ្លងកាត់ស្ពានបេឡេ (មកព្រៃមាស-អូរក្ល) ក្នុងភូមិខ្ញែង ឃុំស្រែខ្ទុម និងឃុំស្រែឈូក នៅចំណុចស្ពានអូរប៉ាម ឆ្លងទៅភូមិអូរណា (ក្រោយសឹករង) និងចំណុចស្ពានអូររង៉ា ឆ្លងផ្លូវស្រែអំប៊ុយ ស្ថិតក្នុងភូមិចក់ចារ ទឹក ជំនន់នៅតែបន្តលិចផ្លូវ និងស្ពាន ដែលបង្កការលំបាកដល់ការធ្វើដំណើរ។ បច្ចុប្បន្ន ក្រុមការងាររដ្ឋបាលស្រុកកែវសីមា សហការជាមួយអាជ្ញាធរភូមិ-ឃុំ បាននិងកំពុងចុះពិនិត្យទីតាំងជាក់ស្តែង ដោយទំហំនៃផលប៉ះពាល់សរុបកំពុងស្ថិតក្នុងការវាយតម្លៃនៅឡើយ។
ដោយឡែក កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ ករណីខ្យល់កន្ត្រាក់បានកើត ឡើងនៅក្នុងភូមិជ្រៃសែន ក្រុងសែនមនោរម្យ ដោយបានបណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៥ គ្រួសារ (ពុំមានបណ្តាលឱ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ)។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ កំពុងបន្តតាមដានស្ថានភាពធាតុអាកាស ព្រមទាំងរៀបចំវិធានការអន្តរាគមន៍ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច