ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ដែលបង្ក្រាបក្រុមចោរលួចជ័រកៅស៊ូធ្វើឱ្យស្លាប់បុរសម្នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជម្រាបជូនសាធារណជន ចំពោះការចុះផ្សាយរបស់គណនីហ្វេសប៊ុក និងបណ្តាញផេកហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយប្រហាក់ប្រហែលគ្នាពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យចំនួន ១នាក់ ឈ្មោះ ហោ សុវឌ្ឍនៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ជុំ ថ្នម ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពេលឈ្មោះ ហោ សុវឌ្ឍនៈ ឃាត់ខ្លួនឈ្មោះ ជុំ ថ្នម និងបក្ខពួក ពេលកំពុងធ្វើសកម្មភាពលួចជ័រកៅស៊ូនៅកន្លែងកើតហេតុខាងលើ បណ្តាលឱ្យផ្ទុះអាវុធ ១គ្រាប់ ត្រូវចំឈ្មោះ ជុំ ថ្នម ស្លាប់នៅនឹងកន្លែងកើតហេតុ។

ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជន អំពីហេតុការណ៍ និងអំពីចំណាត់ការ ដូចខាងក្រោម៖

១- កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៣០នាទី ឈ្មោះ ហោ សុវឌ្ឍនៈ កំពុងនៅអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលដំណឹងពីឈ្មោះ វី ចាន់ណេង ភេទស្រី អាយុ ២១ឆ្នាំ ដែលមានចំការកៅស៊ូជាប់នឹងព្រំចំការកៅស៊ូរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ថាមានចោរមួយក្រុម ភេទប្រុស មានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង កំពុងលួចបកជ័រកៅស៊ូក្នុងចំការរបស់ឈ្មោះ ហោ សុវឌ្ឍនៈ។ ក្រោយឮដូច្នេះ ឈ្មោះ ហោ សុវឌ្ឍនៈ បានជិះម៉ូតូចេញទៅម្នាក់ឯង ដោយយកអាវុធខ្លីម៉ាក K59 ទៅជាមួយ។ ពេលទៅដល់ពុំឃើញមានក្រុមចោរនៅក្នុងចំការនោះទេ និងបានជិះតាមរក។

ស្រាប់តែឃើញក្រុមចោរនោះ កំពុងធ្វើសកម្មភាពលួចបកជ័រកៅស៊ូចំការអ្នកផ្សេងវិញ ទើបឈ្មោះ ហោ សុវឌ្ឍនៈ បានហៅឱ្យក្រុមចោរឈប់មកអង្គុយមួយកន្លែង តែក្រុមចោរនោះមិនស្តាប់ឡើយ ហើយឈ្មោះ ហោ សុវឌ្ឍនៈ បានបាញ់គំរាម ១គ្រាប់ (បាញ់ដី) មានចោរម្នាក់អង្គុយចុះ ម្នាក់ឈរ និងម្នាក់ទៀតអង្គុយលើម៉ូតូ ដែលមានឈ្មោះ ជុំ ថ្នម នោះមិនខ្លាចការគំរាម ក៏ស្ទុះចូលមកប្រតាយប្រតប់ ដណ្តើមកាំភ្លើងពីឈ្មោះ ហោ សុវឌ្ឍនៈ បណ្តាលឱ្យរៀលកៃ ក៏ផ្ទុះកាំភ្លើងចំនួន ១គ្រាប់ ត្រូវចំស្មាស្ដាំធ្លាយចូលបៀមគ្រាប់ក្នុងទ្រូងខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួនបាត់។

២- ក្រោយពិនិត្យសាកសព ក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យ និងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ សមត្ថកិច្ចក៏បានកសាងសំណុំរឿង និងបញ្ជូនឈ្មោះ ហោ សុវឌ្ឍនៈ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

៣- ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំបែបបទ ដើម្បីស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ដែលបានល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

៤- បច្ចុប្បន្នឈ្មោះ ហោ សុវឌ្ឍនៈ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅពន្ធនាគារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៩៨៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ មនុស្សឃាតដោយអចេតនា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណជន ដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕


ចែករំលែក៖