ភ្នំពេញ៖ ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការលើកកម្ពស់សុខុមាលភាពទីក្រុង?
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោង ការដាក់ពាក្យស្នើសុំការវាយតម្លៃ រហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។
លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកស្រីបានជម្រាបអង្គពិភាក្សាអំពីសាវតារឿងដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញទទួលបានគម្រោង លើកកម្ពស់សុវត្ថិភាពនៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្ត្រាថិជី (Vital Strategies) តាមរយៈអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cities)។ យើងបានធ្វើការជ្រើសរើសសាលាចំនួន២ សម្រាប់អនុវត្តសាកល្បងនូវគម្រោង «សុវត្ថិភាពនៅតំបន់សាលារៀន» ដោយផ្តោតលើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សាលារៀនទាំង២ នោះរួមមាន៖ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម និងវិទ្យាល័យហ៊ុនសែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យ។
នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗរួមមាន៖
ទី (១) ការចុះវាយតម្លៃ និងកំណត់កត្តាហានិភ័យនៃសុវត្ថិភាពចរាចរណ៍នៅជុំវិញសាលារៀន ដោយប្រើប្រាស់វិធីសាស្ត្រវាយតម្លៃ iRAP (អាយរ៉ាប់) (Star Rating for Schools)
ទី (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខារគាំទ្រទំនើប រួមមាន៖ ដំឡើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពជាដើម
ទី (៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់ គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតាមសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងអំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ
ទី (៤) លើកកម្ពស់ចំណេះដឹង និងឥរិយាបថសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងសហគមន៍
ទី (៥) បង្កើតគំរូកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយចីរភាព ដើម្បីពង្រីកការងារសុវត្ថិភាពនៅតំបន់សាលារៀនបន្តទៀត។
លោកស្រីបានបន្តទៀតថា៖ នៅក្នុងខែមិថុនា ឆ្នាំ២០២៦ នេះ អង្គការសុខភាពពិភពលោកបានប្រកាសជ្រើសរើសបេក្ខភាពក្នុងការអនុវត្តគម្រោងតាមប្រធានបទធំៗចំនួន៨ ស្តីពីការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់ខ្លួន ហើយនៅពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកគម្រោង «សុវត្ថិភាពនៅតំបន់សាលារៀន» នេះទៅដាក់ពាក្យរួមជាមួយទីក្រុងប្រមាណជាង ១៥០ទីក្រុងទៀត មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រោយការសិក្សាវាយតម្លៃ និងដាក់ពិន្ទុយ៉ាងត្រឹមត្រូវតាមបច្ចេកទេសរបស់ខ្លួន អង្គការសុខភាពពិភពលោកបានសម្រេចជ្រើសរើសទីក្រុងចំនួន ៨ តំណាងឱ្យប្រធានបទទាំង ៨។ រាជធានីភ្នំពេញត្រូវបានផ្តល់ជូននូវពានរង្វាន់ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ស្តីពី «ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង តាមរយៈការអនុវត្តគម្រោងសុវត្ថិភាពនៅតំបន់សាលារៀន» ដែលពិធីប្រគល់ពានត្រូវបានធ្វើឡើងក្នុងសន្និសីទពិភពលោក លើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច