ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីសួរនាំអ្នកបើកបរ ក្រោយធ្លាយវីដេអូបង្ហាញពីការសួរនាំរកជនជាតិចិន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនគរបាលចរាចរណ៍កាលពីពេលថ្មីៗនេះ គឺត្រូវបានអនុវត្តក្នុងរង្វង់កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

នៅថ្ងៃនេះមានការចែកចាយវីដេអូដែលកម្លាំងនគរបាលចរាចរណ៍ បានកាក់រថយន្តធ្វើដំណើរតាមដងផ្លូវ ហើយសួរនាំរកជនជាតិចិន ដែលមានការរិៈគន់នៅតាមបណ្តាញសង្គមជាច្រើន។

ឆ្លើយតបនឹងវីដេអូមួយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ជូនថា

*ទី១៖ ការឃាត់រថយន្តគោលដៅខាងលើ គឺអនុវត្តក្នុងរង្វង់កិច្ចប្រតិបត្តិការ ដែលកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំង កម្លាំងនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះអនុវត្តអនុក្រឹត្យ០៣ និងឈានដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកិច្ចប្រតិបត្តិការមានជនសង្ស័យ ជាជនបរទេសបានគេចខ្លួនចេញពីទីតាំង ទើបមានការផ្តល់ព័ត៌មានដល់គោលដៅខាងលើដើម្បីធ្វើការឃាត់ត្រួតពិនិត្យ។

*ទី២៖ គោលដៅក្នុងការចុះផ្សាយខាងលើស្ថិតនៅភូមិហួចលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាគោលដៅប្រចាំការជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ត្រៀមចល័តអន្តរាគមន៍ ពេលមានគ្រោះថ្នាក់ចរាចរណ៍ និងសហការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងបទល្មើសផ្សេងទៀត។

*ទី៣៖ ក្នុងកិច្ចប្រតិបត្តិការគឺត្រួតពិនិត្យទៅលើតែរថយន្តដែលមានម៉ាក និងពណ៌ តាមព័ត៌មានដែលផ្តល់ឱ្យប៉ុណ្ណោះ ហើយការឃាត់គឺដើម្បីស្នើសុំសហការត្រួតពិនិត្យ (មិនមានការផាកពិន័យនោះឡើយ)។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមការយោគយល់ និងអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់គោលដៅខាងលើ ហើយត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ ហើយក៏សូមអភ័យទោស ប្រសិនបើនគរបាលចរាចរណ៍មានការខ្វះខាត ប្រើអាកប្បកិរិយា និងពាក្យសម្តីមិនសូវសមរម្យ យើងខ្ញុំនឹងធ្វើការអប់រំ ណែនាំ នគរបាលចរាចរណ៍ ឱ្យប្រើអាកប្បកិរិយា ពាក្យសម្តី ដោយទន់ភ្លន់ និងម៉ឹងម៉ាត់ ពេលអនុវត្តការងារ ឱ្យល្អប្រសើរថែមទៀត។

តែយ៉ាងណាក៏ដោយ បើតាមមើលពេលវេលាដែលបញ្ជាក់នៅក្នុងវីដេអូ គឺទិដ្ឋភាពនេះ កើតឡើងនៅវេលាម៉ោង ៣៖១១នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕


ចែករំលែក៖