ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពតពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៨:២០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

១. ឈ្មោះ កែវ ណូត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្ដកំពត។

២. ឈ្មោះ ម៉ាន់ សារីហ្វាស ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

* វត្ថុតាងចាប់យករួមមាន៖

* គ្រឿងញៀនចំនួន ១៤កញ្ចប់ (១២កញ្ចប់តូច និង ២កញ្ចប់ធំ) ទម្ងន់ ២១៤,១២ក្រាម (ថ្លឹងទាំងសំបកថង់)។

* ទូរស័ព្ទដៃចំនួន ០៣គ្រឿង។

* ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង។

* ថង់ច្រកគ្រឿងញៀនមួយចំនួន។

* ឧបករណ៍ជក់គ្រឿងញៀន ០៣សម្រាប់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕


ចែករំលែក៖