កីឡាករ Miroslav Kloseដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់អាល្លឺម៉ង់សម្រេចចិត្តចូលនិវត្តន៏ពីអាជីពកីឡាករបាល់ទាត់ហើយ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានពត័មានថាគាត់អាចបន្តអាជីពជា កីឡាករនៅក្នុងទឹកដីសហរដ្ឋអាមេរិកឬក៏វិលត្រលប់ទៅលេងនៅក្នុងក្លិបចាស់Kaiserslautern ក្រោយគាត់ចប់កិច្ចសន្យាជាមួយនឹងក្រុមLazioក្នុងរដូវកាលឆ្នាំ២០១៥-១៦។
កីឡាករវ័យ៣៨ឆ្នាំនេះបែរជាសម្រេចចិត្តឈប់លេងបាល់ទាត់អាជីពមកហ្វឹកហាត់ជាគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Joachim Low និងនាយកកីឡា Hansi Flick ដោយសង្ឃឹមថាគាត់នឹងក្លាយ ទៅជាគ្រូបង្វឹកមួយរូបនៅថ្ងៃអនាគត។
Miroslav Klose ចាប់ផ្តើមអាជីពជាមួយ នឹងក្រុម Homburgហើយបន្តដំណើរក្នុង ក្រុមបាល់ទាត់ Kaiserslautern, Werder Bremen, Bayern Munich និង Lazio។ គាត់ទទួលបានជោគជ័យធំបំផុតពេល លេងនៅក្នុងក្លិប Bayern Munich ដោយ គាត់បានឈ្នះជើងឯកអាល្លឺម៉ង់Bundesligaចំនួន២សម័យ និងជើងឯកអាល្លឺម៉ង់ Cup២សម័យផងដែរ។ គាត់ក៏បានទទួលពានរង្វាន់ស៊ុតបាល់បានច្រើនជាងគេនៅក្របខណ្ឌ័កំពូលអាល្លឺម៉ង់ប្រចាំរដូវកាល ២០០៥-២០០៦។
ចំណែកក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់វិញគាត់បានបង្ហាញខ្លួនចំនួន ១៣៧ប្រកួតហើយរក គ្រាប់បាល់បាន៧១គ្រាប់ដែលក្លាយទៅជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេបំផុតឲ្យក្រុមជម្រើស ជាតិអាល្លឺម៉ង់។ គាត់បានឈ្នះជើងឯកWorld Cupឆ្នាំ២០១៤ ៕