ខេត្តបន្ទាយមានជ័យ៖ យោធាថៃបានបន្តវាយកម្ទេចផ្ទះពលរដ្ឋខ្មែរ២ខ្នង នៅភូមិត្រពាំងសំរោង ក្នុងតំបន់បឹងត្រកួន ដើម្បីលើកទំនប់ ត្រៀមសាងសង់សំណង់យោធាអចិន្ត្រៃយ៍ និងជីកអណ្ដូងទឹកមួយកន្លែងនៅភូមិជោគជ័យ និងវាយកម្ទេចសំណង់ស៊ីវិលកម្ពុជា នៅក្នុងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ នៅលើដីកម្ពុជា ដែលពួកយោធាថៃឈ្លានពានកាន់កាប់ដោយខុសច្បាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ មក។ យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវ ការបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយអាជ្ញាធររដ្ឋដែលគ្រប់គ្រងនៅទីនោះ គឺត្រូវបានហាមឃាត់។ ចំពោះទង្វើបំពានបែបនេះ ក្រសួងការបរទេស នៃកម្ពុជា បានចេញកំណត់ទូតតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ផ្សព្វផ្សាយនៅយប់ថ្ងៃទី៨ ខែកញ្ញា ក្រសួងការបរទេសសរសេរលម្អិតពីសកម្មភាពយោធាថៃឈ្លានពានដូច្នេះថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា។ បន្ទាប់ពីបានវាយកម្ទេចរួច កងកម្លាំង ប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ត្រៃយ៍។
ក្រសួងការបរទេសបន្ថែមថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿង ម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញានេះដែរ កងកម្លាំងប្រដាប់អាវុធថៃក៏បានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជា ក្នុងភូមិព្រៃចាន់ស្ថិតក្នុងឃុំនិងស្រុកខាងលើនេះ។
គួរកត់សម្គាល់ថា សកម្មភាពយោធាថវាយកម្ទេចផ្ទះពលរដ្ឋខ្មែរស៊ីវិល នៅតែបន្តកើតមានឡើង ទោះបីជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Tom Andrews បានចុះទៅដល់ព្រំដែន បានឃើញពីស្ថានភាពជាក់ស្ដែងលើដី និងទុក្ខលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក ព្រោះសង្គ្រាម និងការរារាំងមិនឱ្យទៅផ្ទះសម្បែងវិញ ហើយបានបញ្ជាក់ក្នុងរបាយការណ៍ចេញនៅចុងខែកក្កដា ថាពលរដ្ឋខ្មែរភៀសសឹកមានសិទ្ធិត្រលប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។
ក្រសួងការបរទេសនៃកម្ពុជា បញ្ជាក់ថា សកម្មភាពយោធាថៃដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺMOU ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា-ថៃ ឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ច ព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា៖« កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ »។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ងាកមកដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារសន្តិភាព។ ក្រសួងការបរទេសអះអាងថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
គួររម្លឹកថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត យ៉ាងតិចនៅក្នុងភូមិជោជ័យ ភូមិព្រៃចាន់ និងមួយចំនួននៅតំបន់បឹងត្រកួន នៅតាមបណ្តោយព្រំដែនខ្មែរ និង ថៃ ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។
សកម្មភាពដែលថៃធ្វើមកលើពលរដ្ឋខ្មែរគឺប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវទី៤ មាត្រា៥៣ដែលបានចែងថា «ការបំផ្លាញទ្រព្យសម្បត្តិ អចលនទ្រព្យ ឬចលនទ្រព្យរបស់បុគ្គល ឬសហគមន៍ ឬរបស់រដ្ឋ ឬអាជ្ញាធរសាធារណៈ ឬអង្គការសង្គម/សហករណ៍ ដោយរដ្ឋអំណាចកាន់កាប់ គឺត្រូវបានហាមឃាត់ លើកលែងតែក្នុងករណីដែលការបំផ្លិចបំផ្លាញនោះ មានភាពចាំបាច់បំផុតសម្រាប់ប្រតិបត្តិការយោធា»។ សកម្មភាពរបស់ថៃនេះក៏ត្រូវចាត់ទុកជាបទល្មើសធ្ងន់ធ្ងរបើយោងតាមមាត្រា១៤៧ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច