ភ្នំពេញ÷ រថយន្ត ០១គ្រឿង ម៉ាក Lexus NX200T ដែលម្ចាស់ទុកនៅក្នុងឃ្លាំងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ជាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់! ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើត ឡើងកាលពីវេលាម៉ោង ១:៣០នាទីយប់ ឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្បែរស្តុបទេពផន នៅតាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីក្បាលរថយន្តយ៉ាងសន្ធោសន្ធៅ ភ្លាមនោះម្ចាស់រថយន្តរួមទាំងប្រជាពលរដ្ឋក្បែរខាងទាញបំពង់ពន្លត់អគ្គិភ័យនិងទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចរាយការណ៍ទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញសុំរថយន្តទឹកមកជួយអន្តរាគមន៍បន្ទាន់។
ក្រោយពីទទួលបាន ពត៌មានករណីអគ្គិភ័យ ភ្លាមៗលោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាអោយរថយន្តទឹកចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ ។ ក្នុងនោះដែរមិនមានអ្នកស្លាប់នឹងរបួសនោះទេពោលគឺខូចខាតតែរថយន្តចំនួន០១គ្រឿង ម៉ាក Lexus NX200T ពាក់ផ្លាកលេខកម្ពុជា PICH.PHP ឆេះអស់ទាំងស្រុង ។
ចំពោះមូលហេតុនៃការឆេះ មកពីឆ្លងចរន្តទើបបណ្តាលឲ្យឆេះតែម្តង៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច