ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៣E៤ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ១១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១០គ្រឿង,រថយន្តអគ្គិភ័យកោះពេជ្រចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យជ្រោយចង្វារចំនួន៣គ្រឿង ពុំបានប្រេីប្រាស់ទឹក និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន១ គ្រឿង ប្រេីប្រាស់ទឹកអស់១គ្រឿង។
ដោយឡែកចំពោះ ប្រភេទសំណង់ឈេីប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតផ្ទះ និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ០០និង៣៥នាទីយប់រំលងអាធ្រាតចូលនាថ្ងៃ០៩ខែកញ្ញាឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវផងដែរ។ ដោយឡែក ចំពោះករណីខាងលើនេះ បានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសផងដែរ៕




ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច