ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៣:១៧នាទី នៅចំណុចក្រុមទី… ភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ លួចយកអាគុយ ១០០អំពែ ពណ៌ក្រហម ចំនួន ០១គ្រឿង, រទេះដឹកគ្រឿងសំណង់ ចំនួន ០១គ្រឿង, ខ្សែភ្លើងប្រវែងប្រហែល ៤០ម៉ែត្រ និងជាន្តើ/ជើងដើរ ចំនួន ០១។ សម្ភារទាំងនោះជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ហ៊ីង ថាវី ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៦:៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១. ឈ្មោះ ចាន់ ឆវ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២. ឈ្មោះ តែម ចាន់ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០២នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
ក្រោយពីការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិពិតប្រាកដមែន ដោយសារតែគ្មានប្រាក់ទិញគ្រឿងញៀនប្រើប្រាស់។
វត្ថុតាងដកហូតបាន រួមមាន៖
* ជាន្តើ/ជើងដើរ ចំនួន ០១
* រទេះដឹកគ្រឿងសំណង់ ចំនួន ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច