ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានសង្កាត់ស្វាយរៀង ឃាត់បានមុខសញ្ញាសង្ស័យចំនួន ០៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានសង្កាត់ស្វាយរៀង ដោយឃាត់បានមុខសញ្ញាសង្ស័យចំនួន ០៣នាក់។

នគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទី នៅត្រង់ចំណុចភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានមុខសញ្ញាសង្ស័យចំនួន ០៣នាក់ យកមកសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ និងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានបន្តសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ និងអាជ្ញាធរមូលដ្ឋាន ចុះឆែកឆេរផ្ទះជនសង្ស័យ រកឃើញមានសារធាតុញៀន និងសម្ភារប្រើប្រាស់មួយចំនួន។

សមត្ថកិច្ច ដកហូតវត្ថុតាងសរុបរួមមាន៖

* ម្សៅក្រាមពណ៌សថ្លា ១២កញ្ចប់ (ធំ ០២កញ្ចប់)

* ទូរស័ព្ទដៃ ០៣គ្រឿង

* ឧបករណ៍ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន៖ ជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖