ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក នឹងគ្រប់គ្រងលើធនធានប្រេង ដូចជានៅវ៉េណេស៊ុយអេឡា

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបន្តសិ្ថតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយអាចគ្រប់គ្រងលើធនធានប្រេង ដោយលោកចង់ប្រៀបធៀបទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រង ១ភាគ៥ នៃប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអៀរឡង់ និងដើម្បីទស្សនាការប្រកួតកីឡាវាយកូនហ្គោល។ លោក ត្រាំ នៅតែទទូចដដែលថាលោកនៅតែរំពឹងថាសង្រ្គាមអ៉ីរ៉ង់នឹងបិទបញ្ចប់ក្នុងឆ្នាំនេះ ពោលគឺនៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។ ថ្លែងនៅឯការប្រកួតជើងឯក Irish Open golf championship លោក ត្រាំ បានបន្ថែមថាតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះ នៅពេលសង្រ្គាមអ៉ីរ៉ង់បិទបញ្ចប់។

បើតាមលោក ត្រាំ លោកនឹងចុះកិច្ចព្រមព្រៀងដ៏ល្អមួយ ហើយនឹងមិនចុះកិច្ចព្រមព្រៀងដែលមិនចំណេញនោះទេ។ លោក ត្រាំក៏បានអះអាងដែរថាអ៉ីរ៉ង់កំពុងទទូចសុំចរចាស្វែងរកសន្តិភាព ជាការអះអាងមួយដែលអ៉ីរ៉ង់តែងតែបដិសេធជារឿយៗ។ តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិកបានលើកឡើងពីជម្រើសមួយផ្សេងទៀត នោះគឺបន្តរក្សាទំនាក់ទំនងជាមួយអ៉ីរ៉ង់ ដោយលោកចង់ប្រៀបធៀបកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយវ៉េណេស៊ុយអេឡា ដែលត្រូវបានប្រកាសកាលពីខែសីហា។

ក្នុងន័យនេះ លោក ត្រាំបានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេងដូចជានៅវ៉េណេស៊ុយអេឡា។ មិនតែប៉ុណ្ណោះលោក ត្រាំ ថែមទាំងបានអួតទៀតផងថាចំណូលរបស់សហរដ្ឋអាមេរិកបានពីវ៉េណេស៊ុយអេឡាគឺគ្រប់គ្រាន់យកទៅប៉ះប៉ូវការចំណាយលើសង្រ្គាមជាមួយអ៉ីរ៉ង់៕


ចែករំលែក៖