បញ្ហាព្រំដែនសមុទ្រកម្ពុជា-ថៃ មិនមែនជាបញ្ហាដែលទើបកើតឡើងនោះទេ ព្រោះប្រទេសទាំងពីរបានពិភាក្សាគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយចាប់ផ្តើមការពិភាក្សាគ្នាតាំងពីឆ្នាំ១៩៩៥ និងការចុះ MOU ឆ្នាំ២០០១ ដែលនេះគឺជាភស្តុតាងបញ្ជាក់ថា ភាគីទាំងពីរធ្លាប់ព្យាយាមដោះស្រាយបញ្ហានេះតាមរយៈការចរចារួចមកហើយ។
ប៉ុន្តែពេលវេលាកន្លងទៅ ការចរចានៅតែមិនអាចនាំទៅដល់ដំណោះស្រាយចុងក្រោយបាន ត្រង់នេះហើយដែលត្រូវសួរថា យើងគួរទុកបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិឱ្យនៅជាប់គាំងបន្តទៀតឬយ៉ាងណា?
ការដែលកម្ពុជាបន្តដំណើរការតាមយន្តការផ្សះផ្សាក្រោម UNCLOS គឺជាចម្លើយមួយចំពោះសំណួរនេះហើយ ព្រោះមិនមែនជាការបោះបង់ការចរចា ហើយក៏មិនមែនជាការប្រឈមមុខដោយកម្លាំងដែរ តែផ្ទុយទៅវិញ វាគឺជាការប្រើប្រាស់ផ្លូវដែលច្បាប់អន្តរជាតិបានផ្តល់ ដើម្បីកុំឱ្យការជាប់គាំងក្លាយជាស្ថានភាពជាអចិន្ត្រៃយ៍។
បើនិយាយឱ្យត្រង់ទៅ កម្ពុជាមិនដែលបានបិទទ្វារការចរចាម្តងណាទេ ប៉ុន្តែក៏មិនអាចរង់ចាំដោយគ្មានទីបញ្ចប់ដែរ ព្រោះបញ្ហាព្រំដែនសមុទ្រក៏មិនមែនមានតម្លៃត្រឹមខ្សែបន្ទាត់មួយនៅលើផែនទីឡើយ។ វាពាក់ព័ន្ធនឹងសិទ្ធិលើតំបន់សមុទ្រ ធនធានធម្មជាតិ ថាមពល ការវិនិយោគ និងឱកាសអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ដូច្នេះ ការធ្វើឱ្យព្រំដែនមានភាពច្បាស់លាស់ គឺជារឿងពាក់ព័ន្ធនឹងអនាគតរបស់ប្រទេសជាតិ មិនមែនត្រឹមតែជាបញ្ហាបច្ចេកទេសរបស់អ្នកជំនាញផែនទី ឬអ្នកការទូតនោះទេ។
ក្នុងន័យនេះ ការពឹងផ្អែកលើច្បាប់មានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅក្នុងវិវាទអន្តរជាតិ អ្វីដែលមានទម្ងន់ ជាងគេ គឺឯកសារ ច្បាប់ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ ភស្តុតាង ជាហេតុផលដែលអាចប្រើប្រាស់និងផ្ទៀងផ្ទាត់បាន។
ហេតុនេះ ការប្រើ UNCLOS មិនគួរត្រូវបានបកស្រាយថាជាភាពទន់ខ្សោយរបស់កម្ពុជាឡើយ ព្រោះកម្ពុជាចង់ការពារផលប្រយោជន៍ជាតិដោយប្រើច្បាប់ជាឧបករណ៍ មិនមែនប្រើភាពតានតឹងជាឧបករណ៍ឡើយ។
ការឈរលើគោលការណ៍ ក៏មិនមានន័យថាត្រូវបិទទ្វារចរចា ចំពោះដំណោះស្រាយទាំងអស់នោះដែរ ប្រសិនបើមានក្របខណ្ឌសមស្របដែលអាចទទួលយកបានដោយភាគីទាំងពីរ ការអភិវឌ្ឍរួម និងការបែងចែកផលប្រយោជន៍ដោយសមធម៌ ក៏អាចជាជម្រើសមួយបានផងដែរ។
នេះជាភាពខុសគ្នារវាង ការមានគោលការណ៍ និងការដែលមិនមានភាពបត់បែន។ កម្ពុជាអាចរក្សាគោលការណ៍របស់ខ្លួន ខណៈពេលដែលនៅតែស្វែងរកច្រកចេញដែលមិនធ្វើឱ្យភាគីណាមួយត្រូវបាត់បង់មុខមាត់នោះទេ។
សម្រាប់កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមរាំរ៉ៃ និងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម សន្តិភាពមិនមែនជារឿងដែលកម្ពុជាត្រូវមើលរំលងនោះទេ។ កម្ពុជាដឹងច្បាស់ណាស់ថា ជម្លោះអាចចាប់ផ្តើមដោយពាក្យសម្តី និងអាវុធបាន ប៉ុន្តែផលវិបាករបស់វាធ្ងន់ធ្ងរជាងអ្វីដែលមនុស្សជាច្រើនបានគិតឆ្ងាយណាស់។
ហេតុនេះ ការដោះស្រាយតាមច្បាប់ និងការទូត មិនមែនជាការដើរថយក្រោយឡើយ ពោលគឺជាការជ្រើសរើសនិងជាមធ្យោបាយដែលអាចការពារផលប្រយោជន៍ជាតិ និងសន្តិភាពបានយូរអង្វែង។
គួរត្រូវដឹងថា ការអត់ធ្មត់ មិនមែនជាការចុះចាញ់ ការផ្អែកលើច្បាប់ ក៏មិនមែនជាភាពទន់ខ្សោយដែរ។កម្ពុជាអាចបន្តចរចា បន្តការទូត និងបន្តប្រើយន្តការដែលច្បាប់អន្តរជាតិអនុញ្ញាត។ ប៉ុន្តែគោលដៅដែលច្បាស់លាស់នោះ គឺដោះស្រាយបញ្ហាដែលអូសបន្លាយយូរមកហើយ ឱ្យមានភាពច្បាស់លាស់ មានស្ថិរភាព និងការពារផលប្រយោជន៍ជាតិ។
ដូច្នេះ ពេលនេះមិនត្រូវសួរត្រឹមថា “កម្ពុជាចង់បានអ្វី?” នោះទេ តែត្រូវសួរថា តើភាគីថៃមានឆន្ទៈគ្រប់គ្រាន់ដើម្បីបំបែកភាពជាប់គាំង និងឈានទៅរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានឬទេ?
សម្រាប់កម្ពុជា ផ្លូវច្បាប់នៅតែបើកចំហរ ការទូតនៅតែដំណើរការ ហើយការចរចាក៏មិនបានបោះបង់ដែរ។
ប៉ុន្តែគោលការណ៍គឺមិនអាចបោះបង់បានដាច់ខាត។
សន្តិភាព គឺជាផ្លូវដែលកម្ពុជាជ្រើសរើសនិងប្រកាន់ភ្ជាប់ជារៀងរហូត ប៉ុន្តែសន្តិភាពដែលមានតម្លៃត្រូវឈរលើច្បាប់ យុត្តិធម៌ មិនរងការគម្រាម ការដាក់សម្ពាធ និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕
ដោយ៖ ពិន វិជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច